កងទ័ពកម្ពុជា-វៀតណាម ​ប្តេជា្ញ​រួមគ្នា​បន្តប្រឆាំងបទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​

សង្គម​និង​សេដ្ឋកិច្ច

សម្រាប់ទិសដៅឆ្នាំ២០២២ កងទ័ពកម្ពុជា-វៀតណាម បាន​ប្តេជ្ញារួមគ្នា​ជំរុញកិច្ចសហប្រតិបត្តិ​ការ​ក្នុង​ការប្រយុទ្ធប្រឆាំង​បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួង​ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំ​ដែនអ​ន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ច​សហប្រតិបត្តិការ​លើការងារ​គ្រប់​គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត​សម្រាប់ឆ្នាំ២០២២ កងទ័ពទាំ​ង​ពីរ​ប្រទេស​ បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែង​សហការអនុវត្តភារកិច្ចស្របតាម​ផែនការ​សហ​ប្រតិបត្តិការប្រចាំឆ្នាំ រវាង​ក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការជំរុញការ​អនុវត្ត​អនុស្សារណៈនៃការយោគយល់រវាង​កងឯកភាពទាំងពីរឱ្យកាន់តែមាន​ប្រសិទ្ធភាព និងប្រសិទ្ធ​ផលខ្ពស់ ។

ក្នុងនោះកងទ័ពកម្ពុជា-វៀតណាម បាន​ប្តេជ្ញារួមគ្នាផ្តោតលើអាទិភាពមួយចំនួនដូចជា ការបន្ត​កិច្ច​សហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការចូល​រួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់​ចប់ជាស្ថាពរ​ទៅ​តាមផែនកា​រការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ​និងការគាំទ្រលើការហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ធនធានមនុស្ស ជាដើម។

ក្រៅពីឯកភាពរួមគ្នាលើទិសដៅសម្រាប់ឆ្នាំ២០២២ កងទ័ពកម្ពុជា-វៀតណាម ក៏បានធ្វើការវាយ តម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២១ផងដែរ។ ដោយក្នុងនោះ​កងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បានបន្តកិច្ច​សហការជាមួយគ្នា​យ៉ាង​សកម្ម​លើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើស​ឆ្លងដែនគ្រប់ប្រភេទ និង​បានផ្តល់ការឧបត្ថម្ភ​ជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរី​ករាលដាលនៃជំងឺកូវីដ១៩៕