ឧកញ៉ា ឬទ្ធី សំណាង កូនប្រសាអ្នកឧកញ៉ា កុក អាន មុនទទួលមរណភាពកាន់តួនាទីជាច្រើន

ជុំវិញ​ឧកញ៉ា

អ្នកស្នេហាវិស័យកីឡា ​​ជាពិសេស​អ្នកគាំទ្របាល់ទាត់ រួម​ទាំង​កីឡាករ​​ជា​ច្រើន​ ​​បាន​សម្តែង​ការសោកសៅ​​ចំពោះមរណភាពឧកញ៉ា ឬទ្ធី សំណាង ​​​​ប្រធាន​ក្លិប​បាល់ទាត់ភ្នំពេញក្រោន ​​កាល​ពី​ពព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទិន​មរណភាពរបស់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ ត្រូវបានប្រភពជិតស្និទ្ធបង្ហើបឱ្យឧកញ៉ាញូស៍ដឹងនៅល្ងាចថ្ងៃទី១១ ខែឧសភាម្សិលមិញថា ឧកញ៉ា ឬទ្ធី សំណាង បានទទួលអនិច្ចកម្ម​នៅ​សិង្ហបុរី​ ដោយ​ជំងឺ​រ៉ាំរ៉ៃជាយូរឆ្នាំមកហើយ។

ឧកញ៉ា ឬទ្ធី សំណាង កើតក្នុងឆ្នាំ១៩៨១ គឺជាអ្នកជំនួញមួយរូបប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ព្រមទាំងភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ ជាដើម។

ក្រៅពីតួនាទីជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ឬទ្ធី សំណាង ក៏មានតួនាទីជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ និងបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា។

បើតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅព្រឹកមិញនេះ អស់រយៈកាលជាង១០ឆ្នាំ ក្រោមការដឹកនាំរបស់ឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោក ខណៈលោកតែងតែទូន្មាននិងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់អ្នករាល់គ្នា។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖«ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាថែរក្សានូវទស្សនវិស័យ និងបន្តវីរភាពដែលឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើន ដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លឹប ភ្នំពេញក្រោន ជាទីស្រឡាញ់របស់លោក»។

ឧកញ៉ា ឬទ្ធី សំណាង វ័យ៤១ឆ្នាំ គឺជាកូនប្រសារបស់អ្នកឧកញ៉ា កុក អាន ដែលជាមហាសេដ្ឋីជំនួញមួយរូបនៅកម្ពុជា។ លោក​​ជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន, ជាអគ្គនាយកក្រុមហ៊ុន Pi Pay, អគ្គនាយក KB HOTEL ហើយ​កន្លង​មក​ ​លោក​តែង​ជួយ​ការងារ​សង្គម​ជា​ច្រើន​ ក្នុង​នោះ​ដូច​ជា​ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដល់រដ្ឋបាលខេត្តព្រះសីហនុ ​​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩, បរិច្ចាគ​ដល់​កាកក្របាទក្រហម។

លើសពីនេះ ថ្មីៗ​នេះ​លោក​បាន​ដក​ថវិកា​មួយ​ចំនួន​​ពី​​ប្រាក់​រង្វាន់​ឈ្នះ​ពាន​មិត្តហ្វូន​ខេមបូឌៀលីគ​របស់​ក្រុមបាល់ទាត់​ភ្នំពេញក្រោន ​ជូន​ទៅ​មន្ទីរពេទ្យគន្ធបុប្ផា ផង​ដែរ៕

3.1K Shares