នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក នាព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្តេច​តេជោ ហ៊ុន សែន​បាន​ឲ្យ​ដឹង​ថាកម្ពុជា​និង​វៀតណាម បានព្រមព្រៀង​គ្នា​ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «អម្បាញ់មិញ ខ្ញុំបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាម។ ខ្ញុំគ្រាន់​តែសំណូមពរទៅគាត់ថា ឥឡូវយើងគួរតែបើកទេសចរណ៍ផ្លូវគោកឡើងវិញ, ចម្លើយរបស់គាត់ (នាយរដ្ឋមន្ត្រីវៀតណាម) តបមកវិញថា គាត់សុំស្នើបើកទាំងផ្លូវគោក និងផ្លូវអាកាសថែមទៀត, ខ្ញុំថា ខ្ញុំឯកភាព»។

ស្ថិតក្នុងការអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង បន្ទាប់ពីប្រកាសបើកប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១ដែលក្រសួងទេសចរណ៍កម្ពុជាកំពុងផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» នោះ សម្ដេចបានប្រកាសថាជនជាតិបរទេសចង់ទៅប្រទេសកម្ពុជា ទី១មិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុននោះទេ ទី២សម្រាប់អ្នកចាក់វ៉ាក់ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅបានហើយ ទី៣សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ សម្ដេចក៏បានចោទជាសំណួរថា ប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាម តើខាង​វៀតណាមតម្រូវលក្ខខណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរទេ?

សម្ដេចតេជោបានបញ្ជាក់ថា ទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹងដែលប្រជាជនកម្ពុជាមិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរខាងវៀតណាមនឹងចូលមកកម្ពុជាយ៉ាងច្រើន លើសពីនេះសម្ដេចរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសយ៉ាងច្រើនបន្ថែមទៀត៕