កម្ពុជា-ឥណ្ឌូនេស៊ី កំពុងជំរុញការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីពង្រឹកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីពង្រីកកិច្ចសហការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារដើម្បីត្រៀមចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

តាមរយ:កិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ឯកឧត្តម Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ក៏បានអញ្ជើញ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ដចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមាន កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

គួរបញ្ជាក់ថា ក្រៅពីកំពុងជំរុញការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ហើយនោះ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕