រដ្ឋមន្រ្តីព័ត៌មាន នឹងស្នើទៅរដ្ឋបាលភ្នំពេញឲ្យពិនិត្យទីតាំងថ្មី ដើម្បីដាក់ស្តូកគោរពវិញ្ញាណក្ខន្ធអ្នកកាសែត

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានអះអាងថា នឹងដាក់សំណើនេះទៅសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រាប់ទីតាំងដាក់ស្តូកគោរពវិញ្ញាណក្ខន្ធអ្នកកាសែតអោយបានទូលាយជាងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ ក្រោយពេល ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានស្នើដល់ក្រសួងព័ត៌មាន ជួយនាំយកនូវសំណូមពរ ជូនដល់សាលាក្រុងភ្នំពេញ ដើម្បីពិនិត្យលទ្ធភាព ក្នុងការរកទីតាំងថ្មីសម្រាប់ដាក់ស្តូករលឹកវិញ្ណាណក្ខន្ធអ្នកសារព័ត៌មាន ខណៈទីតាំងចាស់មិនសូវមានលក្ខណៈទូលាយ និងមានការបាំងផ្លាកផ្សាយពាណិជ្ជកម្មច្រើន។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ឯកឧត្តម Jacques PELLET បានស្នើដល់ក្រសួងព័ត៌មាន ជួយនាំយកនូវសំណូមពរ ជូនដល់សាលាក្រុងភ្នំពេញ ដើម្បីពិនិត្យលទ្ធភាព ក្នុងការរកទីតាំងថ្មីសម្រាប់ដាក់ស្តូករលឹកវិញ្ណាណក្ខន្ធ អ្នកសារព័ត៌មាន ដែលទីតាំងចាស់ស្ថិតនៅសួនច្បារមុខស្ថានទូបារាំង តែបច្ចុប្បន្នស្តូកនេះ មានការបាំងផ្លាកផ្សាយពាណិជ្ជកម្ម ច្រើន ដូច្នេះស្នើអោយដាក់នៅទីតាំងថ្មី ស្រឡះមិន ប៉ះពាល់ និងទូលាយ។

ជាការឆ្លើយតបទាក់ទងបញ្ហានេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសន្យាថា នឹងដាក់សំណើនេះទៅសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យ សម្រាប់ទីតាំងដាក់ស្តូកគោរពវិញ្ញាណក្ខន្ធអ្នកកាសែត អោយបានទូលាយជាងនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការបន្តធ្វើសហការល្អបន្ថែមទៀតជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លើកិច្ចការងារទាក់ទងវិស័យព័ត៌មាន និងផ្សពផ្សាយបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានជម្រាបជូនពីគម្រោងត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៍ និងវិទ្យុ ពីអានណាឡូក ទៅជាប្រពន្ធ័ ឌីជីថល នាឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្រៅពីស្នើឲ្យបានស្នើដល់ក្រសួងព័ត៌មាន ជួយ រកទីតាំងថ្មីសម្រាប់ដាក់ស្តូករលឹកវិញ្ណាណក្ខន្ធអ្នកសារព័ត៌មានហើយនោះ លោកក៏បានលើកពីគោលបំណងចង់ជួបជាមួយអ្នកសារព័ត៌មាន មានវិជ្ជាជីវៈ ជាថ្នាក់ដឹកនាំអង្គភាពសារព័ត៌មាន នៅកម្ពុជា ដើម្បីពិភាក្សាផ្តាស់ប្តូរយោបល់បទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងកិច្ចការងារសារព័ត៌មានថែមទៀត៕