អ្នកជំនួញ​ស្និទ្ធស្នាល​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​លក់​មុខ​ជំនួញ​រាប់​ពាន់​លាន​ដុល្លារ

អន្តរជាតិ

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ស្ដេចត្រាញ់​ជំនួញ​មួយ​រូប​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពុង​ប្រញាប់​ប្រញាល់​ប្រកាស​លក់​មុខ​ជំនួញ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ក្រោយ​ទទួល​ដំណឹង​ថា​ថ្នាក់ដឹកនាំ​ខាងលើ​នឹង​ចុះចេញ​ពី​តំណែង​នៅ​ខែក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនួញ​មួយ​រូប​នោះ​គឺ Dennis Uy ដែល​បាន​ពង្រីក​អាណាចក្រ​ជំនួញ​របស់​ខ្លួន​រយៈ​ពេល ៦ ឆ្នាំ​អំឡុងពេល​លោក Duterte នៅ​កាន់កាប់​អំណាច ហើយ​បច្ចុប្បន្ន​មហាសេដ្ឋី​ម្នាក់​នេះ​បាន​ប្រកាស​លក់​ក្រុមហ៊ុន​ដូចជា​ស្ថានីយ​ប្រេង Malampaya និង Clark Global City ក្នុង​តម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារសម្រាប់​មួយ​ក្រុមហ៊ុន។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រភព​ជិតស្និទ្ធ​ទៅ​កាន់ Reuters។

ប្រភព​ដដែល​នោះ​បាន​បង្ហើប​ទៀត​ថា ក្រុម​អ្នក​ទិញ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​សម្លឹង​ឃើញ​អាជីវកម្ម​មួយ​ចំនួន​ទៀត​របស់​បុរស​វ័យ ៤៨ ឆ្នាំ រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​លក់​ប្រេង​រាយ Phoenix Petroleum និង​ក្រុមហ៊ុន​ទូរគមនាគមន៍ DITO ក៏​ដូចជា​សាលា​ឯកជន និង​អាជីវកម្ម​លក់​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត។

មកទល់​​នឹង​ពេល​នេះ​ អ្នកតំណាង​របស់ Dennis នៅ​មិនទាន់​បង្ហើប​ពី​មូលហេតុ​នៃ​ការ​ដាក់​លក់​អាជីវកម្ម​ដ៏​មហាសាល​របស់​លោក​នៅ​ឡើយ​ទេ ខណៈ​កន្លង​មក​អ្នកជំនួញ​ម្នាក់​នេះ​ធ្លាប់​ច្រានចោល​ការ​ចោទប្រកាន់​ថា​ សន្ទុះ​នៃ​ការ​កើនឡើង​លឿន​បែប​នេះ ដោយសារ​តែ​មាន​ប្រធានាធិបតី​នៅ​ពី​ក្រោយ។

បញ្ជាក់​ដែរ​ថា លោក Duturte នឹង​ចុះចេញ​ពី​តំណែង​ជា​ថ្នាក់​ដឹកនាំ​កំពូល​ប្រចាំ​ប្រទេស​ហ្វីលីពីន ក្រោយ​ពេល​លោក Ferdinand Marcos Jr ដែល​ត្រូវ​ជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​ដ៏​ល្បី​មួយរូប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ៕

ប្រភព: CNA

62 Shares