អ្នកឧកញ៉ា គិត ម៉េង ស្នើធុរកិច្ចអាមេរិកមកទស្សនកិច្ច និងស្វែងយល់ការវិនិយោគនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ ទាំងការរៀបចំកម្មវិធី ការជំរុញក្រុមហ៊ុនអាមេរិកជួយឧបត្ថម្ភកម្មវិធី និងការជួយអញ្ជើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ាន២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង លើកឡើងស្នើសុំយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារធុរកិច្ចជាមួយលោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន កាលពីថ្ងៃទី១៣ ខែឧសភាម្សិលមិញ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីទំនាក់ទំនងការទូត កម្ពុជា អាមេរិច ដែលជាខួប៧២ឆ្នាំ។ ហើយក្នុងនាម ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ លោកបានអញ្ជើញគណៈប្រតិភូធុរកិច្ចអាមេរិកទៅទស្សនកិច្ច និងស្វែងយល់ការវិនិយោគនៅឯប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន បានជម្រាបអ្នកឧកញ៉ា គិត ម៉េង ថា លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកជារួមក្នុងការជំរុញធុរកិច្ច និងវិនិយោគអាមេរិកអាស៊ាន និងអាមេរិកកម្ពុជា ឲ្យមានការរីកចម្រើន។

លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តែងតែ ចូលរួមយ៉ាងសកម្មជួយគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ លោកថាសម្រាប់ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន រីករាយនឹងសហការគាំទ្រជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅកម្ពុជា។

គួររំឭកផងដែរថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ទោះបីជាមានវីដ១៩ យ៉ាងណាក៏ដោយក៏មានការកើនឡើងរហូតដល់ជិត ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ ក្នុងនោះកម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកមានសំលៀកបំពាក់ស្បែកជើង វិស័យកសិកម្ម គ្រឿងសង្ហារឹមជាដើម។ ជាមួយគ្នានោះក្រុមហ៊ុនអាមេរិកាំងជាច្រើនក៏មានវត្តមានទៅវិនិយោគនៅកម្ពុជា៕

0 Shares