លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យ​អភិ​វឌ្ឍន៍​​ក្រុងកែប ឲ្យក្លាយជាតំបន់​ទេសចរណ៍​​ល្អ​ប្រណីត​​កម្រិត​ខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​ទ័ពជើងគោក បានលើក​ឡើង​​ថា ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ស្របតាមប្លង់គោល​ប្រើ​​​ប្រាស់​ដីក្រុងកែប ចក្ខុវិស័យ​ឆ្នាំ២០​៣០ ដើម្បី​ប្រែ​​​ក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍​ល្អប្រណីត​កម្រិតខ្ពស់​ នាពេលអនាគត​​ឲ្យ ស័ក្តិសម​ជាខេត្ត​​តារា​​រះនាទិ​ស​និរតី ខណៈ​​​ដែលកន្លង ខេត្តកែប​ក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និង​​​អន្តរជាតិ​រួចមកហើយដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសម្ពោធ​ផ្លូវបេតុង ប្រវែង​ជិត៣គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះ ខេត្តកែប​មានការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ​គួរ​ជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបាន​កែលម្អ​ឱ្យកាន់តែ​ប្រសើរឡើង ដោយរដ្ឋបាល​ខេត្ត​បាន​ខិត​ខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយរួម​មានទាំង​ផ្លូវអ៊ុត​កៅ​ស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ ការ​ពង្រីក​​ឆ្នេរ និងការបង្កើត​កំពង់ផែ ការរៀបចំ​ប្រព័ន្ធលូរំ​ដោះទឹកភ្លៀង អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់ និងឡដុត​សម្រាម​វេជ្ជ​​សាស្ត្រជាដើម។

ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា សមទ្ធិផលទាំងនេះ កើតឡើងដោយសារខេត្តកែប មានថ្នាក់​ដឹកនាំល្អ និងមានការខិតខំ​យកចិត្តទុកដាក់​បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​​គ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់​ប្រជាពលរដ្ឋ​ផ្ទាល់​​នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបាន​ត្រឹមត្រូវ​​ក្នុង​​​រយៈកាលកន្លងមកនេះ។

គួរបញ្ជាក់ថា ខេត្តកែប គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា​ដែលបាន​បង្កើតឡើងនៅឆ្នាំ​២០០៨​។ ខេត្តកែបមានសក្តានុពលយ៉ាងច្រើនសម្បូរបែបដែល​មាន​ឆ្នេរកែប តំបន់សក្តានុពលកោះ បាតសមុទ្រ ក៏ដូចជា​សក្តានុ​ពល​​​ផ្នែកទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌​​ប្រវត្តិសាស្ត្រ និងកសិ-ទេសចរណ៍ជាច្រើនផងដែរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានពិភាក្សា និងសិក្សារៀបចំផែនការ​មេអភិវឌ្ឍទេសចរណ៍​ខេត្តកែបឆ្នាំ​​២០​​២១​-២០៣៥ ដែលមានគោលបំណង ប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍​​ឆ្នេរសមុទ្រធម្មជាតិសម្រាកកម្សាន្តបែប​ប្រណិត​​​កម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ៕