ស្រីលង្កា​រក​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី តែ​ប្រជាពលរដ្ឋ​នៅ​បង្ហាញ​ការ​មិន​ពេញចិត្ត

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ​រដ្ឋបាល​ប្រទេស​ស្រីលង្កា​បាន​ប្រកាស​ថា នឹង​ចាត់តាំង​លោក Ranil Wickremesinghe មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ជំនួស​លោក Mahinda Rajapaksa ដែល​បាន​លាលែង​តំណែង​កាលពី​ដើម​សប្ដាហ៍​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរស​ដែល​ត្រូវ​មក​ចូល​កាន់​តួនាទី​ជំនួស​បងប្រុស​ប្រធានាធិបតី​ខាងលើ គឺ​ធ្លាប់​ទទួល​បន្ទុក​មួយ​នេះ ៥ ជំនាន់​មក​ហើយ ខណៈ​សារនេះ​គឺ​ជា​លើក​ទី ៦ នៃ​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ស្រីលង្កា ខណៈ​កន្លង​មក​លោក​កាន់តួនាទី​ពុំដែល​ជាប់​អាណត្តិ​ឡើយ។

យ៉ាងណា ការ​ចូល​មក​កាន់​តំណែង​សំខាន់​មួយ​នៅ​ជួរ​រដ្ឋាភិបាល​របស់​បុរស​វ័យ ៧៣ ឆ្នាំ ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ឡើយ ដ្បិត​ពួក​ក្រុម​បាតុករ​ជឿ​ថា Wickremesinghe គឺ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​នឹង​គ្រួសារ​ត្រកូល Rajapaksa ហើយ​ការ​កាន់តំណែង​របស់​លោក​នេះ គឺ​ដើម្បី​តែ​ធានា​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​ប្រធានាធិបតី​ប៉ុណ្ណោះ។

បើ​ទោះ​ជា​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ការ​មិនពេញចិត្ត​ខ្លាំង​បែបណា​ក្ដី តែ​ការ​ធ្វើ​សម្បថ​សច្ចា​ចូល​កាន់តំណែង​របស់​លោក​បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​លោក​បាន​សន្យា​ថា នឹង​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

បញ្ជាក់​ដែរ​ថា លោក Wickremesinghe គឺ​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​មក​ពី​គណបក្ស​ប្រឆាំង ខណៈ​មូលហេតុ​ចំបង​ដែល​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ គឺ​ដោយសារ​លោក​មាន​ទំនាក់ទំនង​ល្អជាមួយ​គ្រួសារ​ប្រធានាធិបតី បើ​ទោះ​ជា​លោក​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ស្របពេល​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា លោក​គឺ​គ្រាន់តែ​ជា​ខែល​ការពារ​គ្រួសារ Rajapaksa តែ​ប៉ុណ្ណោះ៕

ប្រភព: BBC

2 Shares