សុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ឆ្នាំ ទម្រាំបានសញ្ជាតិខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

សុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ ឆ្នាំមក ទើបមានឪកាសទទួលបានសញ្ជាតិខ្មែរ របស់លោក បេន និងក្រុមគ្រួសារចំពោះបុព្វហេតុធនធានធម្មជាតិនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បេន ដាវីដ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រោសព្រះរាជទានសញ្ជាតិខ្មែរជូនដល់លោក និងក្រុមគ្រួសារកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញ រដ្ឋាភិបាលបានរៀបចំពិធីប្រគល់ព្រះរាជក្រឹត្យស្តីពីការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក ដាវីដ បេន នៅរដ្ឋបាលខេត្តព្រះវិហារ។

បើតាមលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ពិតជាស័ក្តិសមបំផុតដែលក្រុមគ្រួសារ លោកបេនត្រូវទទួលបានព្រោះលោកនិងក្រុមគ្រួសារ បានសុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ ឆ្នាំមកហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថែរក្សាការពារអភិរក្សធនធានធម្មជាតិ។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រីបានជំរុញនិងលើកទឹកចិត្តដល់លោកបេន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តសហការគ្នាល្អលើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយបានកត់សម្គាល់ថា ជាមួយការអប់រំ បំភ្លឺផ្សព្វផ្សាយពន្យល់នាពេលកន្លងទៅ ប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ហើយពួកគាត់បានចូលរួមក្នុងការអភិរក្ស។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា៖«លោកបេននិងក្រុមគ្រួសារស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបានមកបំពេញការងារនៅកម្ពុជាយូរដែលបានទទូលការលើកទឹកចិត្ត។ លោកបេននិងក្រុមគ្រួសារបានលះបង់កម្លាំងកាយកម្លាំងចិត្តជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ក៏ដូចជាបានចូលរួមរដ្ឋបាលខេត្តក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ បានធ្វើឱ្យការការពារនិងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារកាន់តែមានភាពល្អប្រសើរ»។

លោក បេន ដាវីដ ជាសញ្ជាតិអាម៉េរិក និងភរិយាកូនៗមានសញ្ជាតិអូស្ត្រាលី លោកបានមករស់នៅនិងបានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ពោលគឺតាំងពីលោកបេន មានអាយុ ២៧ ឆ្នាំ គឺមានរយៈពេលជិត ៣០ឆ្នាំមកហើយ។

លោកបេន បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ ឆ្នាំហើយតាំងពីឆ្នាំ ២០០២។ ស្ថិតក្នុងរយៈពេលនេះ លោកបេន និងក្រុមគ្រួសារបាន លះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានព្រៃឈើ​និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម។

លោក បេន ដាវីស បានថ្លែងថា៖« ខ្ញុំមិននឹកស្មានថាខ្ញុំទទួលបានសញ្ជាតិខ្មែរនេះទេ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយនិងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់លើយើងខ្ញុំ។ យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្តយើងខ្ញុំនិងខ្ញុំមានការសប្បាយចិត្តកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ»៕