ឥណ្ឌូនេស៊ី រឹបអូសប្រេងឆា ជាង ៨ម៉ឺនលីត្រ ដែលគ្រោងនាំចេញទៅកាន់ប្រទេសទីម័រខាងកើត

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី បានធ្វើការរឹបអូសប្រេងឆា យ៉ាងហោចណាស់ ៨១ ០០០ លីត្រ ដែលគ្រោងនឹងនាំចេញទៅកាន់ប្រទេសទីម័រខាងកើត បន្ទាប់ពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតែព្យាយាមអនុវត្តច្បាប់ហាមឃាត់ លើការនាំចេញប្រេងដូងឆៅ ក៏ដូចជាប្រេងសម្រាប់ចម្អិនអាហារផ្សេងទៀតផងដែរ ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម បាននិយាយ នៅក្នុងពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ទូកុងតឺន័រចំនួន ៨ ដែលមានផ្ទុកប្រេងចម្អិនអាហារ និងរបស់របរផ្សេងទៀត ត្រូវបានរដ្ឋាភិបាលរឹបអូស នៅកំពង់ផែ Ranjung Perak កាលពីថ្ងៃទី ២៨ ខែមេសា ក្នុងទីក្រុង Surabaya លើកោះ Java បន្ទាប់ពីកប៉ាល់ទាំងនោះ មិនបានចុះបញ្ជីប្រេងឆា នៅក្នុងឯកសារប្រកាសការនាំចេញនោះទេ ។ នេះបើតាមការលើកឡើង របស់ក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍មុន ។

លោក Sihard Hadjopan Pohan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននិយាយថា អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទរំលោភបំពានបម្រាម នាំចេញប្រេងចម្អិនអាហារ នឹងអាចប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគារ ជាអតិបរមា ៥ ឆ្នាំ និងត្រូវពិន័យជាសាច់ប្រាក់រហូតដល់ ៥ ពាន់លានរ៉ូពី ឬ ៣៤១ ៩៩៧ ដុល្លារអាមេរិក។ យ៉ាងណាមន្រ្តីរូបនេះ មិនបានបង្ហាញប្រាប់ឈ្មោះក្រុមហ៊ុន ឬម្ចាស់ ដែលល្មើសច្បាប់នាំចេញនេះទេ ។

គួរឱ្យដឹងថា បន្ទាប់ពីចេញច្បាប់ហាមឃាត់ការនាំចេញមក បានធ្វើឱ្យទីផ្សារប្រេងចម្អិនអាហារសកល កំពុងជួបប្រទះផលលំបាកយ៉ាងខ្លាំង ជាពិសេសនៅពេលដែលសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នត្រូវបាត់បង់មួយភាគធំ ស្របពេលប្រេងដូង ដែលបានផ្គត់ផ្គង់ទីផ្សារជាងមួយភាគបី នៃទីផ្សារប្រេងចម្អិនអាហារសរុបរបស់ពិភពលោក ក៏កំពុងមានភាពកកស្ទះផងដែរ ដោយសារតែច្បាប់ហាមឃាត់ ការនាំចេញរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រទេសនៅអាស៊ានមួយនេះ មានប្រហែល ៦០% នៃការផ្គត់ផ្គង់ប្រេងដូងសរុប ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ការហាមឃាត់ ចំពោះការនាំចេញ នឹងនៅតែបន្ត រហូតដល់តម្លៃប្រេងចម្អិនអាហារ ធ្លាក់ចុះរដល់ ១៤ ០០០ រ៉ូពី ក្នុងមួយលីត្រ នៅទូទាំងប្រទេស។ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទិន្នន័យចេញពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ប្រេងឆាភាគច្រើន ត្រូវបានលក់ក្នុងតម្លៃ ១៦ ៦០០ រ៉ូពី ក្នុងមួយលីត្រ ៕

ប្រភព: CNA