រាជរដ្ឋាភិបាល គ្រោងនឹងចាប់ផ្តើម​បោះផ្សាយ​មូល​បត្រ​រដ្ឋ​ក្នុង​​ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល គ្រោងនឹងចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទាន​មួយ​ថ្មី សម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បី បង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុង​ទី​ផ្សារ​មូលបត្រ ជាពិសេស វិនិយោគិនស្ថាប័នដូចជា ធនាគារក្រុមហ៊ុនធានារ៉ាប់រងមូលនិធិសោធនិវត្តន៍, មូលនិធិ សន្តិ​សុខសង្គម ជាដើម ។ នេះបើតាមការលើកឡើង របស់លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុង សន្និសីទជាតិស្ដីពីទីផ្សារមូលបតកម្ពុជា «មួយទស​វត្យរ៍នការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានបន្តថា ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថានឹងទទួលបានការពេញ​និយ​ម សម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និង ផ្ដល់នូវទិន្នន័យ Benchmark សម្រាប់ ការជួញដូរមូល​បត្រសាជីវកម្ម និង ការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុង ប្រទេសដែលមានវិស័យមូល​បត្ររីក​ចម្រើន ​។

ជាមួយគ្នានេះ​ លោក អូន ព័ន្ធមុនីរ័ត្ន  ក៏រំលេចផងដែរថា តាមទ្រឹស្តីសេដ្ឋកិច្ច វិស័យមូលបត្រអាចចូល​រួមអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និង បែងចែកមូលធន ពីភ្នាក់ងារសេដ្ឋកិច្ចដែលមាន​សមត្ថភាពហិរញ្ញប្បទាន ជូនទៅភ្នាក់ងារ សេដ្ឋកិច្ច ដែលមានតម្រូវការហិរញ្ញប្បទាន ។ វិស័យមូលបត្រ​ដែលរីក​ចម្រើន នឹងផ្តល់ នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើត ឡើងនូវ​ប្រភពចំណូលមួយ សម្រាប់បុគ្គល និង តួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាច ធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់​ខ្លួនបានកាន់តែប្រសើរ ។

គួរបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា គ្រោង​គោលដៅ​បោះផ្សាយ​មូលបត្រ​រដ្ឋជាលើកដំបូង​ក្នុងរង្វង់​ទឹកប្រាក់​ចំនួន​៣០០​លានដុល្លារ​ ដើម្បីប្រមូល​ប្រភពទុន​ហិរញ្ញវត្ថុ​សម្រាប់បំពេញ​បន្ថែមនូវ​គម្រោងចំណាយថវិកាជាតិ​ឆ្នាំ២០២២ ​។ ក្នុង​នោះ ផ្សារមូលបត្រកម្ពុជាក៏រំពឹងថា ការបោះផ្សាយមូលបត្ររដ្ឋនេះ នឹងមានការចូលរួមពីអ្នកវិនិយោគិន​ស្ថាប័ន មានដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិសោធននិវត្តន៍ រឺសន្តិសុខសង្គមជាដើម៕