នាយករដ្ឋមន្រ្តីបដិសេធសំណើរលោក ថោង ខុន មិនអនុញ្ញាតឲ្យលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង ចូលមកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ធ្ងន់ៗថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ៧ថ្ងៃ ផ្ទុយទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយ គឺចូលមកកម្ពុជាគឺមិនចាំបាច់ធ្វើតេស្ត និង ចត្តាឡីស័កឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានសំណើររបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដើម្បីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ចំពោះអ្នកដំណើរដែលមានបំណងចូលមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែឧសភា​ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «សម្រាប់សម្ដេច គឺមិនអនុញ្ញាតនោះទេ ហើយអ្នកជំនាញឯកទេស ចង់និយាយបែបណាក៏ថាចុះ ពីព្រោះកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំង បែរជាចង់លើកលែងឲ្យអ្នកមិនទាន់វ៉ាក់សាំង ចូលមកកម្ពុជាទៅវិញ។ ម្យ៉ាងទៀត ប្រសិនបើកម្ពុជា ធ្វើយ៉ាងដូច្នេះ គឺនឹងជះឥទ្ធិពលទៅលើប្រទេសដទៃ ដែលកំពុងជំរុញការចាក់វ៉ាក់សាំង»។

សម្ដេចតេជោ ហ៊ុន សែន​ បានប្រាប់ដល់មន្រ្តីកម្ពុជា កុំឲ្យយកតម្រាប់តាមគេ ទុកឲ្យគេធ្វើចុះ ទុកឲ្យគេប្រមូលអ្នកអត់ចាក់វ៉ាក់សាំងទៅស្រុកគេចុះ សម្រាប់ស្រុកខ្មែរទទួលបានតែអ្នកបានចាក់វ៉ាក់សាំង បើអ្នកមិនបានចាក់វ៉ាក់សាំង ត្រូវទុករយៈពេល ៧ថ្ងៃ។ ក្នុងន័យនេះសម្តេចតេជោចង់សំដៅដល់ប្រទេសជិតខាងកម្ពុជាដែលត្រៀមលើកលែងអ្នកមិនទាន់ចាក់សាំងឲ្យចូលប្រទេសរបស់ខ្លួន ដូចជាប្រទេសវៀតណាម និងថៃជាដើម៕