សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បង្ហើបគម្រោងចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប មានគម្រោងចូលរួមជាមួយវិស័យមូលបត្រកម្ពុជា ខណៈដែលក្រុមហ៊ុនធំៗមួយចំនួន ក៏ចាប់ផ្ដើមសម្លឹងលើវិស័យមូលបត្រម្ដងមួយៗ ដោយសារតែការវិនិយោគបោះផ្សាយលើវិស័យមូលបត្រ ជាការវិនិយោគដែលចំណេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅក្នុងសន្និសីទជាតិ ស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទសវត្សរ៍នៃការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» កាលពីថ្ងៃទី១៦ ខែឧសភាម្សិលមិញបានលើកឡើងថា៖ «ខ្ញុំគិតថាពេលនេះក្រុមហ៊ុនធំៗ បាននិងកំពុងសម្លឹងមើលទីផ្សារមូលបត្រ ជាក់ស្ដែងកាលពីប៉ុន្មានខែមុននេះ ខ្ញុំទើបនឹងបានជួបពិភាក្សាជាមួយធនាគារ ជីប ម៉ុង អំពីគម្រោងចូលរួមជាមួយវិស័យមូលបត្រនេះឯង។ ក្រុមហ៊ុនធំៗ ចាប់ផ្ដើមសម្លឹងលើវិស័យមូលបត្រម្ដងមួយៗ ដោយសារតែការវិនិយោគបោះផ្សាយលើវិស័យមូលបត្រ ជាការវិនិយោគដែលចំណេញ»

បើតាមលោក ស៊ូ សុជាតិ ប៉ុន្មានឆ្នាំទៅមុខទៀតនឹងធ្វើឲ្យទំហំជួញដូរប្រចាំថ្ងៃកាន់តែច្រើនថែមទៀត សម្រាប់ឆ្នាំនេះ ផ្សារមូលបត្រកម្ពុជាទទួលបានការជួញដូរ១លានដុល្លារក្នុងមួយថ្ងៃ។ ជាក់ស្ដែង ធនាគារ អេស៊ីលីដា ការជួញដូរបានកើនលើស៤៥លានដុល្លារក្នុងមួយថ្ងៃ ទាំងនេះជាការបញ្ជាក់ពីលទ្ធភាពនៃ ការធ្វើបានរបស់ផ្សារមូលបត្រកម្ពុជា ហើយកត្តាទាំងអស់នេះ ដែលបញ្ជាក់ឲ្យក្រុមហ៊ុនធំៗឃើញ និងទាក់ទាញមកចូលទីផ្សារមូលបត្រ ដោយបញ្ជាក់ថា បើក្រុមហ៊ុនត្រូវការទឹកប្រាក់ ឲ្យសមនឹងក្រុមហ៊ុនរបស់ខ្លួន ផ្សារមូលបត្រកម្ពុជាអាចរ៉ាបរងបាន។

ទន្ទឹមនឹងនោះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ផ្សារមូលបត្រកម្ពុជារំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគត បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនធំៗចូលមក ដោយសារតែផ្សារមូលបត្រនៅមានទំហំតូច ការលក់ភាគហ៊ុនមានតិចតួចៗនៅឡើយ ហើយការបោះផ្សាយលក់ម្ដងៗ មានត្រឹមតែជាង២០លានដុល្លារប៉ុណ្ណោះ។

លោកបន្តថា បច្ចុប្បន្នផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណហើយក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។

លោកគូសបញ្ជាក់ថា ពិតមែនតែទីផ្សារកម្ពុជា មានទំហំតូច បើប្រៀបធៀបនឹងប្រទេសជិតខាង តែទំហំជួញដូរមានការកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៩មក ដែលក្នុងឆ្នាំ ២០១៨ និងឆ្នាំមុនៗនោះ ទំហំជួញដូរប្រចាំថ្ងៃ មានប្រមាណជាង ១០០លានរៀល (២ម៉ឺនដុល្លារ) ឬតិចជាងនេះ ហើយកើនឡើងដល់ប្រមាណ ៦៣០លានរៀល (ជិត១៦ម៉ឺនដុល្លារ ក្នុងឆ្នាំ ២០១៩ តែបានធ្លាក់ចុះបន្តិចមកត្រឹមប្រមាណ ៤៧០លានរៀល (ជាង១១ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ ដោយតែការមកដល់នៃជំងឺកូវីដ១៩។

លោកបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាព និងភាពវៃឆ្លាត នៃការគ្រប់គ្រងស្ថានការណ៍បានល្អ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាបានត្រលប់ទៅរកផ្លូវកំណើនឡើងវិញហើយ ដោយទំហំជួញដូរបានកើនដល់ជាង១ប៊ីលានរៀល (២៧ម៉ឺនដុល្លារ) ហើយក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២២នេះ យើងបានសម្រេចបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដោយទំហំជួញដូរ បានកើនឡើងដល់ជាង ៤ប៊ីលានរៀល (១លានដុល្លារ) ក្នុង១ថ្ងៃ ដោយសារតែមានសកម្មភាពជួញដូរច្រើន លើភាគហ៊ុន អេស៊ីលីដា៕