កាតនិម្មិតUnionPay ធនាគារ ជីប ម៉ុង អាចស្គេន QR Code ជាមួយដៃគូអាជីវកម្មបាន ៣១លានទីតាំង ក្នុង៤៥ប្រទេសលើពិភពលោក

អាជីវកម្ម

កាល ពីដើមឆ្នាំ២០២២​ ធនាគារ ជីប ម៉ុង បានប្រកាសដាក់ឲ្យដំណើរការកាតនិម្មិត Union​Pay ដំបូងបង្អស់នៅកម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ការចំណាយនានាតាមប្រព័ន្ធឌីជីថល។ កាតនិម្មិត UnionPay របស់ធនាគារ ជីប ម៉ុង អាចស្គេន QR Code ជាមួយដៃគូអាជីវកម្មបានរហូតដល់ ៣១លានទីតាំង ក្នុង៤៥ប្រទេស​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖ “អតិថិជនរបស់ធនាគារ ជីប ម៉ុង នៅពេលនេះអាចបង្កើត Virtual Card ឬកាតនិម្មិត Union​Pay​  នៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ជីប ម៉ុង ដើម្បីប្រើប្រាស់សម្រាប់ទូទាត់ការចំណាយនានាទៅដល់ពាណិជ្ជករ ដូចជាការទិញទំនិញតាមប្រព័ន្ធអនឡាញ e-commerce ការបង់ប្រាក់សម្រាប់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ ការទូទាត់នៅ​តាម​ហាង ​និង​បញ្ជរ​ទំនិញនៅ​ជុំវិញ​ពិភពលោក​ដែលទទួលកាត Union​Pay ដោយងាយស្រួល ឆាប់រហ័ស ព្រមទាំងមិនអស់កម្រៃសេវាកម្មថែមទៀតផង”។

នេះគឺជាលើកដំបូងរបស់ធនាគារជីប ម៉ុង ក្នុងការដាក់ដំណើរការកាតនិមិ្មតនៅកម្ពុជា ដែលសបញ្ជាក់ពីការកើនឡើងនូវតម្រូវការនៃការទូទាត់ប្រាក់តាមបែបឌីជីថល។ កាតនិម្មិត UnionPay នេះអាចប្រើប្រាស់ដើម្បីស្គេន QR Code ជាមួយដៃគូអាជីវកម្ម UnionPay រហូតដល់ទៅ ៣១លានទីតាំងនៅក្នុង៤៥ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនយើងដែរដូចជា ប្រទេសចិន ជប៉ុន កូរ៉េ សិង្ហបុរី ថៃ និងវៀតណាមជាដើម។

លោក ច​ន ប៊ែ​ល បញ្ជាក់បន្ថែមទៀតថា៖ “ការដាក់ឲ្យដំណើរការកាតនិម្មិតនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់​ធនាគារ ជីប ម៉ុងប៉ុណ្ណោះទេ តែក៏នឹងជួយជំរុញឲ្យមានកំណើននៃការប្រើប្រាស់កាត Union​Pay​ កាន់តែច្រើនឡើងនៅកម្ពុជា ក៏ដូចជាកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ក្នុងការទូទាត់ចំណាយនានារបស់ប្រជាពលរដ្ឋ ដោយប្តូរមកជាការទូទាត់បែបឌីជីថលវិញ”។

ទន្ទឹមនឹងនេះ ធនាគារ ជីប ម៉ុង ក៏នឹងបន្តអភិវឌ្ឍផលិតផលក៏ដូចជាសេវាកម្មថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនខ្លួនដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់។ ​

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារឌីជីថលនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១៩ និងបានពង្រីកខ្លួន បង្កើនទីតាំងកាន់តែច្រើនសាខានៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុងមានសាខាប្រតិបត្តិការសរុបចំនួន១៣ ក្នុងនោះ១០សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕