តើឧកញ៉ា សៀង ណាំ មានដន្លង​ជាមួយ​គ្រួសារអភិជន និងឥស្សរជនរូបណាខ្លះ?

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករល្បីឈ្មោះដ៏មានឥទ្ធិពលម្នាក់នៅខេត្តសៀមរាប ឧកញ៉ា សៀង ណាំ ជាអ្នករកស៊ីជោគជ័យមួយរូបដែលស្ថិតក្នុងចំណោមអ្នកជំនួញគ្រាក់ៗមានអំណាចនៅកម្ពុជា។ លោកមានមុខជំនួញប្រាក់ពាន់លានជាច្រើនកន្លែងនៅទឹកដីខេត្តសៀមរាប ដូចជាបុរីលំនៅដ្ឋាន សណ្ឌាគារលំដាប់ផ្កាយ ហើយក៏ជាសប្បុរសជនដែលតែងតែចេញមុខជួយឧបត្ថម្ភសាងសង់ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា​សៀង ណាំ ក្រៅ​ពី​​មាន​តំណែង​ជា​អ្នកតំណាង​រាស្ដ្រ និង​ជា​សមាជិករដ្ឋសភា​ជាតិ លោក​ក៏​ជា​ម្ចាស់​សណ្ឋាគារស៊ី​ធីអង្គរដ៏ស្កឹម​ស្កៃនៅ​កណ្ដាល​ក្រុង​សៀមរាប និង​មាន​ដី​បុរី​ចំនួន​ពីរ គឺ​បុរី​សៀងណាំ១ និង​បុរី​សៀង​ណាំ​២ ហើយថ្មីៗនេះលោកកំពុងចាប់ផ្តើមបើកគម្រោងថ្មីមួយចំនួនទៀត។

ឧកញ៉ា សៀង ណាំ ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសរបស់ជប៉ុន “The Order of the Rising Sun, Gold Rays with Neck Ribbon” ក្នុងសក្ខីភាពដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏វិសេសវិសាស ក្នុងការរឹតចំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា។

តើឧកញ៉ា សៀង ណាំ មានដន្លងជាមួយ​គ្រួសារអភិជន និងឥស្សរជនរូបណាខ្លះ?

ប្រភព​ព័ត៌​មាន​ពីទីក្រុង​​បាង​កក​​បាន​​ឱ្យ​ដឹងថា ​​កូន​ស្រីពៅ​​របស់​លោក ​​ស៊ុម​ឆាយ វង្សសាវ៉ាត​ ​​អតីត​នាយករដ្ឋ​មន្ត្រី​​​​ថៃ និង​​​ត្រូវ​ជា​​ក្មួយ​​​បង្កើត​​​របស់​​លោក ​ថាក់​​ស៊ីន​​ ស៊ីណា​វ៉ាត្រា ​អតីត​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​ ​​​បានរៀប​អាពាហ៍ពិពាហ៍​​​​​ជាមួយ​​​​កូន​​ប្រុស​​​​​ឧកញ៉ា សៀង ណាំ នៅសណ្ឋាគារ​លំដាប់​ផ្កាយ​៥​ផ្លាហ្សា​ អាតធីនី​​ រ៉ូយ៉ាល់​ មេរី​ឌៀន​ក្នុង​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ កាលពីឆ្នាំ២០១៣។

ចំពោះ​ភ្ញៀវ​កិត្ដិ​យស​ដែល​ចូល​រួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិអាហ៍​ដ៏​ឱ​ឡា​រិក​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ភាគី​ថៃ​រួម​មាន​ មន្ដ្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ ដូច​ជា​ រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សា​ហកម្ម​រ៉ែ​ និង​ថាមពល​ ,​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ,​មេបញ្ជាការ​ប៉ូលិស​ជាតិ​ ​និង​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​ ​រួម​ទាំង​កូន​ប្រុស​-ស្រី​របស់​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ ផង​ដែរ​។​

ដោយ​ឡែក​សម្រាប់​ភាគី​កម្ពុជា​ ក្រៅ​ពី​សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយក​រដ្ឋ​មន្ដ្រី​ និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ​ ក៏មាន​មន្ដ្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ ក៏​មាន​លោក​ ហ៊ុន​ ម៉ានី​ ជា​កូន​ប្រុស​របស់​សម្ដេច​តេជោ​ ហ៊ុ​ន​ សែន​ ចូល​រួម​ផង​ដែរ​ក្រោម​ការ​រក្សា​សន្ដិសុខ​យ៉ាង​តឹង​រ៉ឹង​ ។​

កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ​​កូនប្រុស​ឧកញ៉ា​សៀង​ណាំ​ ថតរូបនៅថៃ

យោង​តាម​ប្រ​ភព​ពី​អ្នក​ជិត​ស្និទ្ធ​ជាមួយ​ឧកញ៉ា​សៀង ណាំ បាន​បង្ហើប​ឱ្យ​ដឹង​ថា ​កូន​ប្រុសរបស់ឧកញ៉ា​សៀង ណាំ ដែល​​រៀប​មង្គលការ​ជាមួយ​កូនស្រី​ពៅ​របស់ គ្រួសារ​លោ​ក​​ស៊ុម​ឆាយ​​ និង​ជា​ក្មួយ​ស្រី​លោក​ថាក់ ស៊ី​ន​សី​ណា​វ៉ា​ត្រា​នោះ​មានឈ្មោះ ណាំ លី​ណា​ល់ គឺជា​កូន​ទី២ និង​ជា​កូនប្រុស​​​​​​​​តែមួយ​ក្នុង​ចំណោម​កូន​បី​នាក់​របស់លោក។

កូន​ប្រុស​ឧកញ៉ា សៀង​ ណាំ​ និង​លោក​ជំទាវ​ អ៊ុន​ វុន​លី ​ជា​មន្ដ្រី​នៅ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។​​ ចំណែក​កូន​ក្រមុំ​​បម្រើ​ការ​ងារ​ផ្នែក​ព្រះ​រាជ​អាជ្ញា​នៅ​ទី​ក្រុង​បាង​កក​ ។​ នាង​ក៏​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​ដែរ​ តែ​មិន​ចាប់​អាជីព​ស្ថិត​នៅ​ក្នុង​វង់​តន្ដ្រី​របស់​នាង​ផ្ទាល់​ គឺ​វង់​តន្ដ្រី​«​ហ្វាយ​អីុន​ធើរធេន​មែន​»​ ហើយ​បាន​ចេញ​អាល់​ប៊ុម​ចម្រៀង​ជា​ច្រើន​ដូច​ជា​ «​ឈើ​រីស៊ី​គ្រេត​ស៊ី​»​ជា​ដើម​ដែល​សុទ្ធ​សឹង​ជា​បទ​ពេញ​និយម​នៅ​ប្រទេស​ថៃ​។​

កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ​​កូនប្រុស​ឧកញ៉ា​សៀង​ណាំ​ ថតរូបនៅថៃ

ឧ​ក​ញ៉ា​សៀង ណាំ មានកូន​បី​នាក់ កូនច្បង​ស្រី ឈ្មោះ​ណាំ លី​ណែ​ត បាន​រៀប​ការ​ជាមួយ​លោក​ទា កុសល ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ និង​មានកូន​បី​នាក់ ។ កូន​ទី​ពីរ​ឈ្មោះ​ ណាំ លី​ណា​ល់ ដែល​រៀបការ​ជាមួយ​កូន​ស្រី​លោក​អ​តីត​នាយក​រដ្ឋមន្ដ្រី​ថៃ និង​កូនស្រី​ពៅ​ឈ្មោះ​ណាំ លី​ណា រៀប​ការ​ជាមួយ​កូនប្រុស​លោក​ឧបនាយករដ្ឋមន្ដ្រី​យឹ​ម ឆៃ​លី  ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម៕