តើនរណានឹងឡើងដឹកនាំក្លិបភ្នំពេញក្រោន ជំនួសឧកញ៉ា ឬទ្ធី សំណាង?

ជុំវិញ​ឧកញ៉ា

ក្លិបបាល់ទាត់ភ្នំពេញក្រោន ​​នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ចំពោះ​បេក្ខភាព​​ប្រធាន​ក្លិប​ថ្មី​នោះ​ទេ ​​បន្ទាប់​ពី​ម្ចាស់​ក្លិប​​ចាស់​របស់​ខ្លួន ឧកញ៉ា ឬទ្ធី សំណាង ​​​បាន​ទទួល​មរណាភាព កាល​ពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ​​កន្លង​ទៅ ដោយសារ​ជំងឺ​ប្រចាំកាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាក្តី ប្រភព​ជិតស្និទ្ធ​របស់​ក្លិប​ភ្នំពេញក្រោន​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រធាន​ក្លិប​ថ្មី​ជា​អ្នក​ណា​នោះ ​​អាច​នឹង​​ដឹង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ នៅ​ពេល​ដែល​​កម្មវិធីបុណ្យ​ឧកញ៉ា ឬទ្ធី សំណាង ចប់​សព្វគ្រប់ ១០០%។ សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ បុគ្គលិក​របស់​ក្លិប​ និង​អ្នកគាំទ្រ​ក្លិប​ដែល​មាន​​រហស្សនាម សឹង្ហក្រហម ​​​​គឺ​គាំទ្រ​ពេញ​ទំហឹង​ចង់​​ឱ្យ​លោក​ជំទាវ ភូ ឈា​លីន ភរិយា​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ជា​អ្នក​ឡើង​ដឹក​នាំ​​បន្ត ដើម្បី​​​​​បន្ត​បេសកកម្ម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មីៗ​​ និង​បន្ត​កេរដំណែល​​របស់​លោក​ឧកញ៉ា​តទៅ​ទៀត។

គួរ​បញ្ជាក់​​ថា​ បច្ចុប្បន្ន​​ក្លិប​បាល់ទាត់​នៅ​កម្ពុជា ​​មាន​ប្រធាន​ក្លិប​ជា​ស្ត្រី​តែ​​​២​​នាក់​ប៉ុណ្ណោះ​គឺ៖ ទី១ អ្នក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត (​ឡើង​ដឹក​នាំ​​តាំង​ពី​ឆ្នាំ​២០១៨​មក), ទី២ លោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​វិសាខា (ភរិយា​ឯកឧត្តម ស សុខា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា) ​​ហើយ​លោកជំទាវ​បាន​ឡើង​ដឹក​នាំ​ក្លិប​វិសាខានេះ កាល​ចុង​ឆ្នាំ​២០១៨។ ដូច្នេះ​បើ​លោក​ជំទាវ ភូ ឈា​លីន ឡើង​ដឹក​នាំ​ក្លិប​ភ្នំពេញក្រោន នោះ​នឹង​ក្លាយ​ជា​ស្ត្រី​ទី​៣ ​​ដែល​កាន់​តំណែង​ជា​ប្រធាន​ក្លិប​បាល់ទាត់​នៅ​កម្ពុជា៕