កម្ពុជា ដាក់ដំណើការគម្រោងស្ដារវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លារជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរការ គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិកជាផ្លូវការ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Enjoying the view at Roleak Kang Cheurng Community-based ecotourism, Phnom Knong Phsar, in Aroal, Kampong Speu province. Supplied

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។

លោកថា គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារអាមេរិកនេះ បានមកកើតចេញពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងថា ការដាក់អនុវត្តន៍គម្រោង ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។
ឯកឧត្ដម ក៏អំពាវនាវដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សូមចូលរួមអនុវត្តន៍គោលនយោបាយនេះ ឲ្យបានជោគជ័យ ដើម្បីប្រើប្រាស់គម្រោងហិរញ្ញប្បទាននេះ ក្នុងការរៀបចំកែលម្អរវិស័យទេសចរណ៍ឡើងវិញ និងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងសេវាកម្មទេសចរណ៍ ធានាបាននូវការងើបឡើងវិញនៃ វិស័យទេសចរណ៍ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣។

គួរបញ្ជាក់ដែរថា គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍នេះ នឹងផ្តល់អត្រាការប្រាក់៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ។

តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ អាចស្នើសុំឥណទានពីគ្រឹះស្ថាន គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs ជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។ ចំពោះថវិកាទាំង១៥០លានដុល្លារនៃក្នុងគម្រោងនេះ ដែលត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់ ម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ៕ អត្ថបទ៖ រង្សី