សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័ត​ករបរធនបាលកិច្ច ឯកភាពគ្នាបន្ដលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសំណង់ បុរីលំនៅឋាន និងខុនដូរ

សង្គម​និង​សេដ្ឋកិច្ច

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានិងនិយ័តករបរធនបាលកិច្ច បានឯកភាពរៀបចំក្រុមការងារ សម្រាប់​យន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការ​បន្ដលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរ តាមរយៈវិស័យបរធនបាលកិច្ច។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយមានលោក ហ៊ុយ វណ្ណា អគ្គលេខាធិការ តំណាងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាសមាជិក-សមាជិការបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាង ៤០ ក្រុមហ៊ុន និងមន្ដ្រីបច្ចេកទេស សហការី របស់និយ័តករបរធនបាលកិច្ច(ន.ប.ធ) ផងដែរ។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអោយដឹងថា ក្រៅពីបង្ហាញពីតួនាទីរបស់និយ័តករបរ​ធនបាលកិច្ច (ន.ប.ធ) កិច្ចប្រជុំក៏បានសម្រេច ឲ្យអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យយល់ច្បាស់ពី «បរធន​បាលកិច្ច» និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (ស.អ.ល.ក)ជាដើម។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាស្វែងយល់បន្ថែមពីដំណើរការអនុវត្តរបស់វិស័យបរធនបាលកិច្ច ដើម្បី​ទាញរកផលចំណេញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូរកាន់តែមានកំណើនបន្ថែមទៀតផងដែរ៕