ថ្ងៃទី២១ ឧសភា ACE Lounge នឹងធ្វើជាម្ចាស់ផ្ទះការប្រគំតន្ត្រីលំដាប់អន្តរជាតិ អញ្ជើញសុទ្ធតែ Dj ល្បីៗលំដាប់ពិភពលោក

កម្សាន្ត

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្លឹបកម្សាន្ត ACE Lounge នឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រគំតន្ត្រីលំដាប់អន្តរជាតិ Creamfields ស្វាគមន៍វត្តមានរបស់កំពូល Dj ល្បីៗលំដាប់ពិភពលោក មកចែករំលែកបទពិសោធន៍កម្សាន្តជូនដល់អ្នកនិយមតន្ត្រីតាមបែបអេឡិកត្រូនិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Creamfields មហោស្រពតន្ត្រីដ៏ពេញនិយមបែបអេឡិកត្រូនិច ដែលត្រូវបានបង្កើត និងរៀបចំដោយ Cream អ្នកផ្សព្វផ្សាយតន្រ្តីជនជាតិអង់គ្លេស ហើយក៏ជាកម្មវិធីប្រគំតន្ត្រីដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលតែងតែប្រារពធ្វើឡើងនៅចុងខែសីហា ជារៀងរាល់ឆ្នាំជាលក្ខណៈអន្តរជាតិនៅទូទាំងពិភពលោក។
Creamfields បានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ១៩៩៨ នៅ Winchester ដើម្បីជាការអបអរនៅក្នុងការផ្លាស់ប្តូរទីក្រុងកំណើតរបស់ Cream នៅ Liverpool ហើយនៅឆ្នាំបន្ទាប់ក៏បានធ្វើឡើងនៅអាកាសយានដ្ឋាន Liverpool ចាស់ មុនពេលផ្លាស់ទៅទីតាំងបច្ចុប្បន្នរបស់ខ្លួននៅ Daresbury នៃ Cheshire។ កាលពីមុនពិធីប្រគំនេះជាព្រឹត្តិការណ៍មួយដែលធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ដែលមានមនុស្សចូលរួមចំនួន ២៥,០០០ នាក់ ប៉ុន្តែឥឡូវនេះ គឺជាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ ថ្ងៃ ជាមួយនឹងជម្រើសនៃការបោះជំរុំដែលអាចទទួលភ្ញៀវបាន ៧០,០០០ នាក់ក្នុងមួយថ្ងៃ។

ការប្រគំតន្ត្រីនេះ គឺជាមហោស្រពតន្ត្រីរាំអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស។ ជាក់ស្តែងនៅឆ្នាំ២០២២ នេះ Creamfields នឹងប្រារព្ធខួបលើកទី ២៥ របស់ខ្លួន។ កម្មវិធី Creamfields ក៏នឹងធ្វើឡើងជាផ្លូវការនៅក្នុងប្រទេសថៃខាងមុខនេះផងដែរ (Amazing Thailand Presents Creamfields Thailand 2022) ដែលមានឈ្មោះថា Creamfields Thailand។
ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ ដើម្បីជាការអបអរដល់ព្រឹត្តិកាណ៍ប្រគំតន្ត្រី Pre-Party to Creamfields Thailand ដ៏កក្រើកនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ឌីជេមកពីក្រៅប្រទេសល្បីឈ្មោះជាច្រើនរូបនឹងបង្ហាញវត្តមាននៅក្នុងក្លឹបកម្សាន្ត ACE LOUNGE ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។


អ្នកទាំងអស់គ្នានឹងបានរីករាយកម្សាន្តជាមួយនឹងឌីជេល្បីៗដូចជា Markhese, Doppelganggerz និង Marnik សម្រាប់ការរាំកម្សាន្តពោរពេញទៅដោយភាពសប្បាយរីករាយភ្លេចទុក្ខកង្វល់។ Markhese ជាឌីជេ និងអ្នកផលិតកម្មវិឌីជនជាតិអ៊ីតាលី ដែលទទួលបាននូវភាពល្បីល្បាញខ្លាំងត្រឹមរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ តាមរយៈបទភ្លេងដ៏ពីរោះប្លែកពីគេដែលបានភាពសប្បាយរីករាយដល់មនុស្សជាច្រើន។
ក្រៅពីឌីជេមកជនជាតិអ៊ីតាលីខាងលើ ក៏មាន ឌីជេដ៏ល្បីល្បាញពេញប្រទេសសឹង្ហបុរី តាមរយៈបទភ្លេង Future House គឺលោក Doppelganggerz ។ Doppelganggerz វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សដោយការបង្ហាញសមត្ថភាពសិល្បៈជាមួយនឹងតន្ត្រីករអន្តរជាតិជាច្រើនរូបដូចជា Don Diablo, Tiesto, Fedde Le Grand, Alok ជាដើម ហើយទទួលបាននូវភាព ដែលតំណាងឱ្យខ្លួន។ ភាគច្រើន Doppelganggerz ទទួលបានការពេញនិយម និងគាំទ្រខ្លាំងពីសំណាក់យុវវ័យនៅតាមកម្មវិធីលេងតន្រ្តីនានាដូចជា Legacy Festival, Marquee Singapore, Zouk Singapore និង Siloso Beach Party Countdown ជាដើម។


ចំណែកឯ Marnik ដែលត្រូវបានគេស្គាល់ថា គឺឌីជេ Remix ភ្លេងជនជាតិអ៊ីតាលីមួយរូបដ៏ល្បីល្បាញតាមរយៈបទភ្លេង GAM GAM, UP & DOWN, Alone ជាដើម។ ឌីជេរូបនេះល្បីល្បាញនៅទូទាំងពិភពលោក ដោយត្រូវបានលេចមុខសម្តែងនៅលើឆាកតន្រ្តីធំៗច្រើនជាង៧៥លានដង ចាប់តាំងពីលោកបានប្រឡូកក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះបទភ្លេងរបស់ Marnik ក៏ត្រូវបានយកទៅដាក់នៅក្នុងរឿងជាច្រើនលើ Netflix ផងដែរ។ពិសេសជាងនេះ Marnik ក៏ជោគជ័យនៅក្នុងអាជីពជាអ្នកផលិតកម្មវិធីដ៏ល្បីទៀតផង។
តោះត្រៀមខ្លួនសាកថ្មជីវិតឱ្យកាន់តែរស់រវេីក ជាមួយនឹងចង្វាក់ភ្លេង និងជួបជាមួយឌីជេ និងតន្ត្រីករដ៏មានទេពកោសល្យដ៏គួរឱ្យទាក់ទាញមួយក្នុងពិភព EDM! កុំភ្លេច ចាប់កន្លែងរបស់អ្នកនៅ Pre-party ផ្លូវការរបស់យើងនៅ ACE Lounge and Restaurant ពីឥឡូវនេះណា៎!៕