ក្រៅពីប្រាសាទបុរាណ រដ្ឋកែច្នៃដីជាង ១៥ហិកតា ធ្វើសួនរុក្ខជាតិអង្គរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

កម្សាន្ត

សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃមានទំហំផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប ត្រូវបានបើកសម្ភោធជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សួនរុក្ខជាតិអង្គរនឹងក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាប័ទ្មបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម។

សួនរុក្ខជាតិអង្គរស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ឲ្យដឹងថា ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និង ស្វែងយល់អំពី អំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា ។

លោកស្រីបន្តថា នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយ គុណប្រយោជន៍ផ្នែកសង្គម និង សេដ្ឋកិច្ច ក៏ដូចជាការចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា បានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និង ក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀត ក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ និង ចូលរួមថែរក្សា ការពារ និង អភិរក្សមរត៍កជាតិយើង ។

ជាមួយគ្នានេះលោក ជា សុផារ៉ា ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេស គឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

បើតាមលោក ជា សុផារ៉ា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។ «សួនរុក្ខជាតិអង្គរនេះ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ បានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ ប្រព័ន្ធដកដង្ហើមផងដែរ» ។

លោកបន្ថែមទៀតថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណៈនិងភ្ញៀវទេសចរផងដែរ។

ទន្ទឹមនឹងនោះលោក ជា សុផារ៉ា ក៏បានសំណូមពរឲ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឲ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើនិងរុក្ខជាតិ ព្រមទាំងអ្នកបច្ចេកទេសផង ដើម្បីធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះឲ្យកាន់តែមានទំហំធំ ព្រមទាំងរុក្ខជាតិសំបូរបែប ដោយបន្ថែមរុក្ខជាតិថែមទៀត និង បានធ្វើការបំផុសដល់គ្រប់ទីវត្តអារាម និង អាជ្ញាធរ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទូទាំង១ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវប្រពៃណីដាំកូនឈើ ដើមី្បលើកកម្ពស់បរិស្ថាន និង សុខមាភាពយើងគ្រប់គ្នាផងដែរ ។

លើសពីនេះ សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ជាផលិតផលទេសចរណ៍ថ្មីថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ឲ្យចាប់អារម្មណ៍និងចូលមកកម្សាន្ត ដើរលំហែរកាយ ក៏ដូចជាការដើរហាត់ប្រាណបន្ទាប់ពីគេបានទៅទស្សនាតំបន់រមណីយដ្ឋានអង្គររួចហើយនោះ៕