មកស្គាល់ស្ត្រីតែ២នាក់គត់ ជាប្រធានក្លិបបាល់ទាត់នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ន​​ក្លិប​បាល់ទាត់​នៅ​កម្ពុជា ​​មាន​ប្រធាន​ក្លិប​ជា​ស្ត្រី​តែ​​​២​​នាក់​ប៉ុណ្ណោះ​គឺ៖ ទី១ លោក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត និង ទី២ លោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​វិសាខា។ ចង់ដឹងថា តើ​ប្រវត្តិ​ស្ត្រី​​២​រូប​នេះ​​យ៉ាង​ណា សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោក​​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត

លោក​​ស្រី ពុធ ធីតា ​​បាន​ឡើង​ដឹកនាំ​ក្លិប​បឹងកេត កាល​ខែ​ឧសភា ឆ្នាំ​២០១៨ ជំនួសលោក ស៊ីវ ថា ដែលជាស្ថាបនិក​ក្លិប។ លោកស្រី​ពុំ​មែន​មាន​ធនធាន​ និង​​ទ្រព្យធន់​ច្រើន​ខ្លាំង​នោះ​ទេ ​ក្នុង​ការ​មក​ដឹក​នាំ​ក្លិប​នៅ​លីគកំពូល​មួយ​នេះ​ ប៉ុន្តែ​លោកស្រី ​មាន​ទស្សនៈ​ថា​ត្រូវ​ដឹក​នាំ​ក្លិប​ជាមួយ​នឹង​ឆន្ទៈ និង​ធ្វើ​​ដោយ​បេះដូង​ពិត​ប្រាកដ។ ជាក់​ស្តែង​ លោកស្រី ក៏​ទទួល​បាន​ភាព​ជោគជ័យ​ប្រាកដ​មែន​ ដោយ​ក្រុម​បឹងកេត​ ​​​បានឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០១៩ និង​ឈ្នះ​លីគកំពូលកម្ពុជា កាល​ឆ្នាំ២០២០។

ស្រ្តី​ដំបូង ដែល​បាន​ចូល​ខ្លួន​មក​ដឹកនាំ​ក្លិប នៅ​លីកកំពូលកម្ពុជា រូបនេះ ធ្លាប់​បាន​បញ្ជាក់ថា ក្លិប​បឹងកេត បាន​ជួបការ​លំបាក​ខ្លាំង​មែន​ទែន ដែល​មាន​ពេល​ខ្លះ​ស៊ូទ្រាំ​ «ស៊ីអំបុកស៊ីអំបិល​» ជាមួយ​គ្នា។ លោក​ស្រី ​ពុធ​ ធីតា​ ដែលបច្ចុប្បន្ន​ជា​សមាជិកគណៈកម្មាធិការប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​ ជា​អ្នក​ជំនួញ​ម្នាក់​ និង​មាន​ស្វាមី​ជា​ជនជាតិ​ថៃ​ឈ្មោះ វ៉ាសូណាន់ រ៉ាត់ឆាគីត ​​និងកូន​ប្រុស​ម្នាក់​ឈ្មោះ Dome Kasidej ជាយុវជន​ថ្នាល់​​មក​ពីសាលា​​បាល់ទាត់​ជាតិ​បាទី​ផង​ដែរ។

២. លោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​វិសាខា

លោក​ជំទាវ កែ សួនសុភី ជាភរិយា​ឯកឧត្តម ស សុខា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ​លោកជំទាវ​បាន​ឡើង​ដឹក​នាំ​ក្លិប​វិសាខានេះ កាល​ចុង​ឆ្នាំ​២០១៨ ​ជំនួស​ស្វាមី ​​ដែល​កាន់​តែ​មមាញឹក​​ក្នុង​កិច្ចការងារ​រដ្ឋ។ ក្រោមការ​គ្រប់គ្រង​របស់​លោក​ជំទាវ ​​ក្លិប​វិសាខា ​​ដែល​​មានមូលដ្ឋាន​នៅ​កីឡដ្ឋាន​​ព្រីនស៍ ​​បាន​ឈ្នះ​ពាន​​រង្វាន់​សម្តេច​តេជោ ហ៊ុន​ សែន ​​២លើក​ជាប់ៗ​គ្នា ​គឺ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ថ្មីៗ​កន្លង​ទៅ​នេះ។

លោក​ជំទាវ កែ សួនសុភី ​​តែង​តែ​ទទួល​បាន​ភាព​ស្ញប់ស្ញែង​ពី​មហាជន​ ជាពិសេស​អ្នកស្នេហាវិស័យ​កីឡា​បាល់ទាត់ ​​ដែល​ជានិច្ចកាល​លោក​ស្រី តែង​តែ​រួម​ចំណែក​ជួយ​លើក​ស្ទួយ​និង​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់ និង​​បាន​ចូល​រួម​កិច្ចការ​សង្គម និង​មនុស្ស​ធម៌​ជា​ច្រើន​ផង​ដែរ៕