សម្តេចតេជោ ហ៊ុន សែន៖ ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ ២១០០នាក់ នៅប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជុំវិញបញ្ហាដក EBA ពីសហភាពអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប មានប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីក្រោយពីសហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ ក្នុងន័យនេះ សម្តេចបានបង្ហាញរបាយការណ៍ថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសំឡឹងមើលឃើញវិស័យកាត់ដេរដែលកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

គួររម្លឹកថា  ក្រោយ​ការ​ចូល​ជា​ធរមាន​នេះ​ ទំនិញ​របស់​កម្ពុជា​៤០​មុខ​ ភាគ​ច្រើន​ជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ​ នឹង​ត្រូវ​បង់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​។ ការ​ដក​EBA​២០%​នេះ​ ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​ តែ​អឺរ៉ុប​ក៏​នៅ​តែ​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​មក​វិញ​ដែរ​ បើ​សិន​ធ្វើ​តាម​ការ​តម្រូវ​របស់​អឺរ៉ុប​នោះ​។ 

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញផងដែរនូវកំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ដែលត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ សម្តេចតេជោថ្លែងថា៖ «បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ»។

បន្ថែមទៀតនោះ វិបត្តិកូវីដ-១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់៕

74 Shares