ប្រធានាធិបតី​ ចូ បៃឌិន ទៅ​ទស្សនកិច្ច​រោងចក្រ Samsung រឹត​បន្តឹង​ចំណង​មិត្តភាព​កូរ៉េខាងត្បូង-អាមេរិក

អន្តរជាតិ

កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក ចូ បៃឌិន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​មុន​គេ សម្រាប់​ដំណើរទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​នៅ​តំបន់​អាស៊ី ហើយ​គ្រាន់​តែ​ចុះចត​នៅ​កូរ៉េខាងត្បូង​ភ្លាម លោក​បាន​ធ្វើដំណើរ​ទៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​ជាងគេ​លើ​លោក​របស់ Samsung តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទៅ​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន Samsung ភ្លាម មេដឹកនាំ​ប្រទេស​មហាអំណាច​ខាងលើ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​គឺ​លោក Yoon Suk-yeol ខណៈ​ការ​ជួបគ្នា​លើក​នេះ គឺ​ជាការ​ជួប​ចរចា​ទល់មុខ​លើកដំបូង​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ រូប។

អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​លើ​លោក​មួយ​នេះ ថ្នាក់​ដឹកនាំ​ទាំង ២ រូប​ក៏​បាន​សំណេះសំណាល​អំពី​ការ​វិនិយោគ​នា​ថ្ងៃអនាគត និង​ផែនការ​សម្រាប់​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ផង​ដែរ។

“​ជាមួយ​នឹង​ការ​ធ្វើ​ទស្សនកិច្ច​ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា ចំណង​មិត្តភាព​កូរ៉េ និង​អាមេរិក នឹង​មាន​ពន្លឺ​ថ្មី​ជា ការ​រួមដៃ​គ្នា​លើ​វិស័យ​សេដ្ឋកិច្ច និង​សុវត្ថិភាព​សង្គម ផ្នែក​លើ​បច្ចេកវិទ្យា​ទំនើប និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់”។ នេះ​បើ​តាម​សម្ដី​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​និយាយ។

បន្ថែម​ពីនោះ ប្រធានាធិបតី​ថ្មី​ខាងលើ​ក៏​បាន​ទទូច​ឲ្យ​លោក​បៃឌិន​ចាត់​វិធានការ​លើ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​មាន​សន្ទុះ​ជាងពេល​មុនៗ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ខាងលើ​គឺ​ក្នុង​គោល​បំណង​កំណត់ស្តង់ដារការងារ បរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់​របស់​ប្រទេស​ដែល​ជា​សមាជិក Indo Pacific Economic Framework ហៅ​កាត់ IPEF ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​មិន​ចូល​ជា​សមាជិក​មួយ​នេះ​ឡើយ។

ហើយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងត្បូង​របស់​លោក​ ចូ​ បៃឌិន​ ក៏​ជា​ជំហាន​មួយ​ក្នុង​ការ​រក​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​អាច​ទប់ទល់​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​កំពុង​សំងំ​កើប​ផល​ប្រយោជន៍​ពី​កង្វះ​ខាត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ ដោយសារ​សង្គ្រាម​រវាង​អ៊ុយក្រែន-រុស្ស៊ី​ផង​ដែរ៕

ប្រភព: RT

152 Shares