ណែនាំឲ្យស្គាល់ឧកញ៉ាស្តេចក្រាញ់ខាងស្រូវអង្ករល្បីនៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ភូ ពុយ ជា​ឈ្មួញ​អង្ករ​ដ៏​ល្បី​ល្បាញ​ចាស់​វស្សា​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏ជាអ្នករកស៊ីខាងស្រូវអង្ករដ៏សកម្មនៅក្នុងខេត្តបាត់ដំបង។ លោក​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន បៃតងកម្ពុជា (BAITANG KAMPUCHEA PLC)។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរបស់លោកបាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួនប្រមាណ​ជាង ៤​ម៉ឺន​តោនក្នុងមួយឆ្នាំៗ។ ក្រៅពី​រក​ស៊ី​ស្រូវ​អង្ករ ឧកញ៉ា​ដែល​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​រូប​នេះ ក៏​មាន​មុខ​ជំនួញ​ជា​ច្រើនក្នុងដៃ​ផង​ដែរ។

លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០៦/២៣២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦។

ឧកញ៉ា ​ភូ ពុយ ​ទីប្រឹក្សា​ប្រតិបត្តិសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា និងជាអតីតក្រុមប្រឹក្សាភិបាលក្នុងអាណត្តិទី១នៃសហព័ន្ធស្រូវអង្ករកម្ពុជា ជាអតីតប្រធាន​​សភា​​ពាណិជ្ជ​​​កម្ម​ខេត្ត​បាត់​ដំបង ខណៈបច្ចុប្បន្នតួនាទីនេះត្រូវបានដឹកនាំដោយកូនប្រុសរបស់លោក គឺឧកញ៉ា ភូ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានមណ្ឌលខេត្តបាត់ដំបង។

លោកក៏ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង មកពីខាងគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។

លើសពីនេះលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង និងជាអគ្គនាយកធនាគារស្រូវ ដែលពេលកន្លងទៅ បានឈ្នះលើការទិញឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបាន២០ម៉ឺនតោន និងឡសម្ងួតស្រូវ អាចសម្ងួតបាន៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល ដាក់ឲ្យដេញថ្លៃ តម្លៃប្រមាណ១០លានដុល្លារនោះ។

ឧកញ៉ា ភូ ពុយ ធ្លាប់បានរំពឹងថា ឃ្លាំងស្កុកស្រូវ និងឡសម្ងួតនេះ នឹងរួមចំណែកជួយដល់កសិករ ដែលជាអ្នកផលិតស្រូវ កុំឲ្យមានការរាំងស្ទះ ដូចពេលកន្លងទៅ និងក៏ជាការរួមចំណែក ដល់រោងម៉ាស៉ីនកិនស្រូវ និងអ្នកនាំចេញ ក្នុងការគាំទ្រគោលនយោបាយ នាំចេញអង្ករ១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

295 Shares