ចំណូលពន្ធកម្ពុជាសម្រេចដល់១៥០១លានដុល្លារ ត្រឹម៤ខែឆ្នាំនេះដោយកត្តា២សំខាន់ៗ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជារកចំណូលពន្ធបាន រហូតដល់ ១៥០១លានដុល្លារ ស្មើនឹង៥៣.២៧% ដោយសារកត្តាសំខាន់ៗ២យ៉ាង គឺការធ្វើកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ។ នេះបើតាមការឲ្យដឹងពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា ធ្វើឲ្យចំណូលពន្ធដារ សម្រេចបានរហូតដល់ជាង ១.៥ពាន់លានដុល្លារ គិតត្រឹម៤ខែ ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ លោក គង់ វិបុល បានបញ្ជាក់ថា រយៈពេល ០៤ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៦ ០៨២.៥៣ប៊ីលានរៀល (ប្រមាណជា ១ ៥០១.៨៦ លានដុល្លារ) ស្មើនឹង៥៣.២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៣៧៩ ប៊ីលានរៀល (ប្រមាណជា ៣៤០.៤៩ លានដុល្លារ) ស្មើនឹង ២៩.៣៦%។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំខាងលើ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ចំពោះការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុប ក្នុងរយៈពេល ០៤ខែ ឆ្នាំ២០២២ មាន ៣៣ ២៨៩ ករណី ថយចុះ ៤៦.៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះឆ្លុះបញ្ចាំង អំពីកំណើននៃការយល់ដឹង របស់អ្នកជាប់ពន្ធនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា របស់អគ្គនាយកដ្ឋានពន្ធដារ ដែលស្តែងនូវភាពជោគជ័យនៃផ្សព្វផ្សាយនិងបណ្តុះបណ្តាលតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល សេវាពិគ្រោះយោបល់ និងប្រព័ន្ធផ្សព្វផ្សាយនានា របស់អគ្គនាយកដ្ឋានពន្ធដារ៕