ក្រសួងប្រៃសណីយ៍៖ ចោរព័ត៌មានវិទ្យា កំពុងវាយប្រហារលួចសាច់ប្រាក់កាន់តែច្រើន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង នៅព្រលប់ថ្ងៃចន្ទនេះ ថាចោរព័ត៌មានវិទ្យា​កំពុង​ធ្វើការ​វាយប្រហារ​​​កាន់​តែ​កើន​ឡើង​​ ជា​ពិសេស​ក្នុង​វិស័យ​ឯកជន ក្នុង​គោលបំណង​លួច​សាច់ប្រាក់ តាម​រូបភាព​ទាក់ទង​ផ្ញើព័ត៌មាន​តាមម​រយៈ​អ៊ីម៉ែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមអាន​ខ្លឹមសារ​ទាំង​ស្រុង នៃ​សេចក្តីជូន​ដំណឹង​របស់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូច​ខាង​ក្រោម៖

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានការវាយប្រហារ​បោកបញ្ឆោតប្រភេទ Business Email Compromise (BEC) ក្នុងគោលបំណងលួចសាច់ប្រាក់ តាមរូបភាព​ទាក់ទងផ្ញើព័ត៌មានតាមរយៈអ៊ីមែល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។ ការ​បោក​បញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារទៅកាន់​អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជា​មកពីប្រភព​ដែល​ស្គាល់ និងត្រឹមត្រូវ។

ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុន​ផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជា​នាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជំនួយការនិងបុគ្គលិកជាន់ខ្ពស់ ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញ​ ឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈ​អាសយដ្ឋាន​អ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបាន​ចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រង​ប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ដើម្បីការពារខ្លួនពីបញ្ហានេះ អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នជាមួយនឹងវិធានការដូចខាងក្រោម៖

  • ពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីមែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀតក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ
  • ប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីមែលស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់
  • បញ្ជាក់និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្ម​តាមរយៈ​មធ្យោបាយផ្សេងក្រៅពីអ៊ីមែល (ឧទាហរណ៍ ការហៅទូរសព្ទ)
  • ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បញ្ជោតនិងផ្ទេរសាច់ប្រាក់រួចរាល់
    គួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរក​ចោរព័ត៌មានវិទ្យា​មកផ្តន្ទា​ទោស។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះតាមរយៈអ៊ីម៉ែល [email protected] ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម​សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។