រុស្ស៊ី​ត្រូវបាន​គេ​ផាត់​ចេញមិន​ឲ្យ​ចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស នៅប្រទេសស្វីស

អន្តរជាតិ

វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស World Economic Forum ចាប់ផ្តើមបើកកាលពីថ្ងៃ​ចន្ទ ទី​២៣ ខែឧសភា ក្នុង​ប្រទេស​ស្វីស​ គឺ​ក្រោយ​ពី​ត្រូវផ្អាក​អស់រយៈពេល ២ឆ្នាំ ព្រោះតែ​​វិបត្តិ​កូវីដ១៩។ ក្នុងវេទិកានេះត្រូវបានចូលរួមពីប្រធានាធិបតី​ ប្រមុខរដ្ឋាភិបាល មហាសេដ្ឋី ប្រធាន​ក្រុមហ៊ុនយក្ស​​ធំៗ​ ព្រមទាំងអង្គការ​អន្តរជាតិនានា សរុបឥស្សរជន​​ប្រមាណ​២ ៥០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​វេទិកាឆ្នាំ​​នេះ អ្វីដែល​ជាការ​កត់​សម្គាល់ ​រុស្ស៊ី​ត្រូវ​គេ​ផាត់​ចេញមិន​ឲ្យ​ចូលរួម​នោះទេ។ បន្ថែមទៀតនោះក៏ឃើញគេ​បាន​រៀបចំ​បដា​និងសរសេរពាក់ពេចន៍​ថ្កោលទោស​រុស្ស៊ី​ជាខ្លាំង ដូចជាថា ទង្វើ ​របស់​រុស្ស៊ី ជា​ឧក្រិដ្ឋ ជាដើម​។ ជាក់ស្តែង អគារផ្ទះ​រុស្ស៊ី​ ដែល​គេ​ធ្លាប់បាន​​ប្រារព្ធ​ព្រឹត្តិការណ៍​ផ្សេងៗ​កាលលើកមុនៗ ត្រូវ​គេ​កែឈ្មោះមកដាក់ជា អគារផ្ទះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី បែបនេះទៅវិញ។​​

ជាមួយគ្នានេះ ប្រធាន​វេទិកាសេដ្ឋកិច្ចពិភពលោក Borge Brende បាន​វាយ​តម្លៃថា ការដែល​ផាត់​រុស្ស៊ី​ចេញ នៅឆ្នាំ​នេះ គឺការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ក៏ប៉ុន្តែ ទោះជា​យ៉ាងណាក្តី​ លោកក៏នៅតែបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី​នឹង​កែ​ខ្លួន ដើរ​ផ្លូវ​ត្រូវ ហើយ​គោរព​តាមធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិនិងកាពត្វកិច្ច​អន្តរជាតិ​ ហើយ​នឹងអាច​ត្រឡប់​មក​ចូលរួម​ជាមួយ​គេឯង​វិញ នៅពេល​ឆ្នាំខាងមុខវិញ​។​

ទន្ទឹមនឹងនោះ ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab បាន​បញ្ជាក់ដែរថា ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើអ៊ុយក្រែន​ គឺត្រូវ​គេ​សរសេរ​កត់​ត្រា​ក្នុង​សៀវភៅប្រវត្តិសាស្ត្រ​ ជាការ​ធ្លាក់​ចុះ​នៃ​សណ្តាប់​ធ្នាប់​ពិភពដ៏​ធំ មិនធ្លាប់​ជួប តាំងពី​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោកលើកទី២ និង​ក្រោយ​ពីចប់​សង្គ្រាម​ត្រជាក់មក។

​លោក Volodymyr Zelinsky ប្រធានាធិបតីអ៊ុយក្រែន ​មិនបាន​​ចូលរួម​ដោយ​ផ្ទាល់ទេ គឺលោក​ថ្លែងតាម​វីដេអូ​ពីចម្ងាយ ប៉ុន្តែ​អ្នក​នយោបាយ​ធំៗ​របស់​អ៊ុយក្រែន​មាន​វត្តមាន​ដោយ​ផ្ទាល់​នៅដាវ៉ូស ​ប្រទេស​ស្វីស។ ក្នុង​សុន្ទរកថា ប្រធានាធិបតីអ៊ុយក្រែននៅតែ​ទទូច​ឲ្យ​ពិភព​លោក ជួយ​អ៊ុយក្រែន និង​កុំ​ទម្លាក់​ដៃ​ចោលឲ្យ​សោះ។  លោក​អំពាវនាវ​សុំ​ជំនួយ​ទាំង​ថវិកា​និងទាំង​ជំនួយ​យោធា ពិសេសគឺ​អាវុធ៕

82 Shares