ជនជាតិកម្ពុជា ជាប់លេខ៣ ចំណោមប្រទេស១០ ដែលចំណាយប្រាក់ខ្ពស់បំផុតទិញខុនដូនៅថៃ

អន្តរជាតិ

ប្រជាជនខ្មែរជាប់ចំណាត់ថ្នាក់លេខ៣ ដែលបានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ក្នុងការទិញខុនដូច្រើនជាងគេនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ថា ជនជាតិចិន បានទិញខុនដូនៅប្រទេសថៃ ច្រើនជាងគេក្នុងចំណោមជនបរទេសក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ លោក Wichai Viratakaphan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានលើកឡើងថា ខុនដូចំនួន២.១០៧យូនីតសរុបជាប្រាក់១០.២៦ពាន់លានបាត (២៩៨លានដុល្លារអាមេរិក) ត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិឱ្យទៅជនបរទេស ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។ ក្នុងនោះ ចំពោះតម្លៃវិញ ជនបរទេសដែលបានចំណាយច្រើនជាងគេ តាមសញ្ជាតិក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មានដូចជា៖១- ជនជាតិចិន៖ ៤,៥៧ពាន់លានបាត (១៣២,៧លានដុល្លារអាមេរិក) ២- ជនជាតិរុស្ស៊ី៖ ៤៣៥លានដុល្លារ (១២,៦៣លានដុល្លារអាមេរិក) ៣- ជនជាតិខ្មែរ៖ ៤០១លានបាត (១១,៦៤លានដុល្លារអាមេរិក)៤- ជនជាតិចិនតៃវ៉ាន់៖ ៣៩១លានបាត (១១,៣៥លានដុល្លារអាមេរិក)៥- ជនជាតិបារាំង៖ ៣៩០លានបាត (១១,៣២លានដុល្លារអាមេរិក) ៦- ជនជាតិអាមេរិក៖ ៣៤៤លានដុល្លារ (១០លានដុល្លារអាមេរិក) ៧- ជនជាតិអង់គ្លេស៖ ៣២៥លានបាត (៩,៤៤លានដុល្លារអាមេរិក)៨- ជនជាតិអូស្ត្រាលី៖ ៣១៨លានបាត (៩,២៤លានដុល្លារអាមេរិក)៩- ជនជាតិឥណ្ឌា៖ ២៧១លានដុល្លារ (៧,៨៧លានដុល្លារអាមេរិក)។ ១០- ជនជាតិអាល្លឺម៉ង់៖ ២៥៥លានដុល្លារ (៧,៤លានដុល្លារអាមេរិក)។

ទន្ទឹមនឹងចំណាត់ថ្នាក់ខាងលើនេះដែរ លោក Wichai Viratakaphan បានចាត់ទុកថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រជាជនកម្ពុជា បានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ជាលើកដំបូងមិនធ្លាប់មាន។ ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍ខុនដូ នៅរាជធានីភ្នំពេញ មានសន្ទុះកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបជាមួយនឹង រយៈពេលមុនៗ។ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។

លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ។

ថ្វីបើគម្រោងអភិវឌ្ឍន៍យូនិតខុនដូនៅកម្ពុជា កំពុងរីកដុះដាល់មានចំនួនច្រើនគួរឱ្យកត់សម្គាល់ដូច្នេះក៏ដោយ ក៏ប្រជាជនកម្ពុជា ដែលមានលទ្ធភាពធូរធារ មានតម្រូវការទិញអចលនទ្រព្យនៅក្រៅប្រទេសផងដែរ ដើម្បីបង្កើតឧកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ទិញសម្រាប់ស្នាក់នៅ ពេលមានដំណើរកំសាន្ត ព្យាបាលជំងឺនិងបំពេញតម្រូវការផ្សេងៗទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញអចលនទ្រព្យនាពេលកន្លងមក៕ អត្ថបទ៖ រង្សី

440 Shares