សម្ដេចតេជោ ហ៊ុន សែន អញ្ជើញស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក មកមើលការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន បានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក មកមើលការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក Klaus Schwab នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកផងដែរកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយកម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ សម្តេចគូសបញ្ជាក់ថា ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំនុចជាច្រើនដែលធ្វើការងារប្រទាក់ក្រឡាគ្នាដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Klaus Schwab បានមានប្រសាសន៍ថា លោកពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ព្រោះសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាលោកក៏ត្រូវបានការអញ្ជើញពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។ លោកបានបញ្ជាក់ថានេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ពេលដែលលោកសាស្ត្រាចារ្យមកកាន់ប្រទេសកម្ពុជា នឹងបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសកម្ពុជាទទួលរងនូវការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះលោកសាស្ត្រាចារ្យ នឹងបានឃើញផ្ទាល់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយទទួលបាននូវសុខសន្តិភាពនោះ។

ទន្ទឹមនឹងនោះលោកប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានបន្ថែមទៀតថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ហើយលោកមានបំណងថា តាមរយៈមជ្ឈមណ្ឌលនេះនឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។ ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ។ ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។

លោករំពឹងថាយើងនឹងអាចធ្វើការជាមួយគ្នា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕