៣ខែឆ្នាំនេះការនាំចូល-នាំចេញទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កើនដល់ ៧១០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២នេះ ការនាំចូលនិងនាំចេញសរុបកើនដល់ ៧១០លានដុល្លារអាមេរិក កើនឡើង៥០.៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ជាក់តាមរយៈសេចក្តីប្រកាសនោះថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។

លោកបន្តថា បើយោងតាមទិន្នន័យគយក្នុងប្រទេសកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំនៃការនាំចូលនិងនាំចេញសរុបរបស់សហគ្រាសក្នុងតំបន់ខាងលើនេះកើនដល់២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ដោយឡែក លោកថា ត្រីមាសទី១នៃ២០២២ឆ្នាំនេះ ការនាំចូលនិងនាំចេញសរុបកើនដល់៧១០លានដុល្លារអាមេរិក កើនឡើង៥០.៧៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តម្លៃទិន្នផលឧស្សាហកម្មក្នុងតំបន់ឧទ្យានបានរួមចំណែកជាង៥០%ក្នុងសេដ្ឋកិច្ចខេត្តព្រះសីហនុ។

ជាមួយគ្នានេះលោកឲ្យដឹងទៀតថា រោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅត្រូវបានសាងសង់នៅក្នុងតំបន់ខាងលើនេះ បានផ្តល់ជាការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីតាំងនៅទីនោះ។ ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុងនិងសួនឧស្សាហកម្មដំណាក់កាលទី២ក៏កំពុងតែជំរុញជាបន្តបន្ទាប់។ បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

បន្ថែមពីនេះដែរ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានផ្នែកផែនការគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា បានលើកឡើងដែរថា តំបន់សេដ្ឋកិច្ចពិសេសខាងលើមានទីតាំងក្នុងស្រុកព្រៃនុបខេត្តព្រះសីហនុ ៧០%នៃគ្រួសារក្នុងតំបន់មានសមាជិកធ្វើការនៅក្នុងសហគ្រាសនៃតំបន់ពិសេសខាងលើ។

គួរបញ្ជាក់ថា តាមរយៈភាគរីកចំរើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ស្ថានទូតចិនប្រចំាកម្ពុជា ក៏បានចាត់ទុកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាពេលប្ចុប្បន្ន ពិតជាបានដើរតួយ៉ាងលេចធ្លោ និងបានបង្ហាញយ៉ាងច្បាស់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន​គឺមានស្ថិរភាពនិងមានសារសំខាន់ថែមទៀតផង៕ អត្ថបទ៖ រង្សី