ក្រុមហ៊ុនចិន បោះទុន៣០០លានដុល្លារវិនិយោគរោងចក្រផលិតសំបកកង់ឡាននៅក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចិន ឈ្មោះ JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បានបោះទុនប្រមាណ៣០០លានដុល្លារអាមេរិក វិនិយោគលើគម្រោងរោងចក្រផលិតសំបកកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខណៈបច្ចុប្បន្នគម្រោងនេះកំពុងដំណើរការយ៉ាងរលូនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងរោងចក្រផលិតសំបកកង់ដែលវិនិយោគដោយក្រុមហ៊ុនចិនJIANGSU GENERAL SCIENCE TECHNOLOGY CO.LTDកំពុងតែដំណើរការយ៉ាងរលូន ដែលគម្រោងនេះក្រោមទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ក្រោយពីសាងសង់រួចនឹងអាចបង្កើតជាឱកាសការងារក្នុងតំបន់សរុប១៦០០កន្លែង។

លោក Chen Jiangang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឲ្យដឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលកម្ដៅត្រូវបានសាងសង់នៅក្នុងតំបន់ខាងលើនេះ បានផ្តល់ជាការធានាសម្រាប់សហគ្រាសធុនធ្ងន់អាចតាំងទីតាំងនៅទីនោះ។ ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១ត្រូវបានបញ្ចប់ ហើយការសាងសង់តំបន់ទ្រទ្រង់ទីក្រុងនិងសួនឧស្សាហកម្មដំណាក់កាលទី២ក៏កំពុងតែជំរុញជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបន្តថា បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំង បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី៨ម៉ឺនដល់១០ម៉ឺននាក់។

គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ២៥ មករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនចិន JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD គឺសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។

រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២៕ អត្ថបទ៖ រង្សី