រដ្ឋមន្ត្រីកសិកម្ម ចេញវិធានការបន្ទាន់ ដើម្បីធានាស​ន្តិសុខ​ស្បៀង ខណៈការដាំ​ដុះ​ស្រូវ​វស្សា​ឆ្នាំនេះមានភាពយឺត​យ៉ាវ​

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​២២នេះ បានដាក់​ចេញ​វិធានការចាំបាច់ និងបន្ទាន់ចំនួន៤ចំនុច ក្នុងគោលបំណងធានា​បាននូវសន្តិសុខ​ស្បៀង និងឈានសម្រេចបានតាម​​គោល​នយោបាយ​ជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្កររបស់​រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផល​នៃការងារ​បង្ក​បង្កើនផលសម្រេចបានល្អប្រសើរ ទៅតាម​ផែន​ការគ្រោងទុក ខណៈការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតជា ឆ្នាំមុន​ ដោយសារតំបន់​មួយចំ​នួនលិចទឹកនិងជោគជាំពេកមិនអាចភ្ជួររាស់កើត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិធានបន្ទាន់៤ចំនុច របស់រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំ​ដល់អង្គភាព​ក្រោម​ឱវាទក្រសួង មន្ទីរ​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​រាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្ត នោះរួមមាន៖

១.ត្រូវចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេស​ត្រូវបិទភ្លឺ និងបូមទឹក​ចេញ​ពីក្នុងស្រែករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។

២.ត្រូវចុះជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករ​ទម្លាប់ ដាំដុះក្នុងខែ​កក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ។

៣.ត្រូវចុះណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រង​សមាសភាពចង្រៃ ឱ្យបាន​ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៤.ត្រូវណែនាំកសិករឱ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំ​ដុះស្តារឡើងវិញក្នុង​ករណីមានការ​ខូចខាត​ដំណាំស្រូវដោយសារទឹកជំនន់ ហើយអង្គភាពក្រោមឱវាទក្រសួង និងមន្ទី​រ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូច​ខាត​ដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង ដោយសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន សំដៅ​ជួយអន្តរាគមន៍ដល់កសិករក្រីក្រ និងអ្នកងាយ រងគ្រោះដែលខ្វះលទ្ធភាព​រក​គ្រាប់​​ពូជស្រូវ ដើម្បី​លើកសំណើសុំមកគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើម​ធ្លាក់លឿន​ជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយ​ស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយ​ផលដល់​ការដាំដុះដំណាំ​ស្រូវដើមរដូវ។ ហើយគិតត្រឹមថ្ងៃទី២៥ ខែ​ឧសភា កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩ភាគរយ នៃផែនការ ២៦១៩៥០០ ហិកតា ក្នុងនោះស្រូវស្រាល​ចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

ឯកឧត្តម វេង សាខុន បញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួប​ប្រទះ​នឹងគ្រោះជំនន់​ទឹកភ្លៀងនៅ​ដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣៥១៣​ហិកតា ក្នុង​នោះ​​ខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤ ៦៦៤​ហិក​តា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដី​ប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដី​ខូចខាតចំនួន ១ ១៣៣ហិកតា៕