ក្រុមហ៊ុន Evergrande ប្រកាសលក់គម្រោងមួយ ក្នុងតម្លៃ ២០០ លានដុល្លារ ដើម្បីទប់ទល់បំណុល

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group បានប្រកាសលក់គម្រោង City Light Plaza របស់ខ្លួន នៅភាគខាងកើតទីក្រុង Ningbo នៅក្នុងតម្លៃ ១,៣៥ ពាន់លានយ៉ន់ ឬប្រហែល ២០០ លានដុល្លាអាមេរិក ដើម្បីបង្កើនហិរញ្ញវត្ថុខ្លួន ក្នុងការទូទាត់បំណុល ក៏ដូចជាទុកធ្វើដើមទុនបន្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ដោយកំពុងជាប់បំណុលច្រើនជាង ៣០០ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande កំពុងជួបរឿងឈឺក្បាលយ៉ាងខ្លាំង ក្នុងការទូទាត់សងបំណុលទៅដល់អ្នកផ្គត់ផ្គង់ ម្ចាស់បំណុលដែលរួមមានធនាគារ និងបន្តធ្វើគម្រោង ដែលបានជាប់គាំង ។

យ៉ាងណា បណ្តាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ បានលូកដៃចូល ដើម្បីជួយក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ Evergrande ឡើងវិញ រួមទាំងបានកាន់កាប់ទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុននេះផងដែរ ដើម្បីបំបាត់កង្វល់ ចំពោះទីផ្សារដែលអាចនឹងដួលរលំ ។

ដោយឡែក ការលក់ ដែលក្រុមហ៊ុន Evergrande បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ គឺជាការផ្ទេរគម្រោង ដែលកំពុងសាងសង់ ទៅឱ្យក្រុមហ៊ុន Zhejiang Zhejian Real Estate Group និង Zhejiang Constuction Engineering Group គ្រប់គ្រងជំនួសវិញ ។

គួរឱ្យដឹងថាក្រុមហ៊ុន នឹងទទួលបានប្រាក់ចំណូលប្រមាណ ២៩៤ លានយ៉ន់ ឬជាង ៤៣ លានដុល្លារ ដែលមួយចំនួន នឹងត្រូវប្រើប្រាស់ ដើម្បីសងថ្លៃសាងសង់ ដែលមិនទាន់បានទូទាត់ សម្រាប់គម្រោងមួយនេះ ស្របពេលប្រាក់ចំណូលដែលនៅសេសសល់មួយចំនួនទៀត នឹងត្រូវប្រើប្រាស់ សម្រាប់ធ្វើដើមទុន។

មិនតែប៉ុណ្ណោះ Evergrande បាននិយាយនៅក្នុងឯកសារមួយថា ការលក់នេះ អាចនឹងធ្វើឱ្យខ្លួនកើនឡើងប្រាក់ចំណូលបានប្រហែល ១៧៥ លានយ៉ន់បន្ថែមទៀត ៕

ប្រភព: CNA