ក្រសួង ប្រកាសដាក់នីតិវិធីស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័សតាមប្រព័ន្ធអនឡាញ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសជូនដំណឹងដល់សាធារណជន និងម្ចាស់ក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សទាំងអស់នៅកម្ពុជា ឲ្យបានជ្រាបថា ក្រសួងបានដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា បានឲ្យដឹងថា ចាប់ពេលនេះទៅ សាធារណជន និងម្ចាស់ក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សទាំងអស់នៅ កម្ពុជា អាចដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាពរបស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតតាម ប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័សដែលមានទីតាំងនៅរាជធានីភ្នំពេញ។


សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា អ្នកស្នើសុំ អាចចូលទៅគេហទំព័រ service.mptc.gov.kh បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យា ព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។


ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាតសម្រាប់សាខានៅ តាមមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍។


ជាមួយគ្នានេះ ក្រសួង ក៏បានបញ្ជាក់ផងដែរថា ចំពោះតម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលមានសុពលភាព១ឆ្នាំ គឺ ៤.២០០.០០០ រៀល និងតម្លៃលិខិតអនុញ្ញាតសម្រាប់សាខាដែលមានសុពលភាព ១ឆ្នាំ គឺ ១.៣០០០០០ រៀល។ ចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យពាក្យស្នើសុំចំនួន ២០.០០០ រៀល។
អាស្រ័យហេតុនេះ ក្រសួង ក៏សូមឲ្យសាធារណជន និងម្ចាស់ក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សទាំងអស់ ជ្រាបជាព័ត៌មាន៕