បណ្ឌិត តាន់ មុន្នីវណ្ណ ប្រាប់ពីវិធីសាស្រ្តគ្រប់គ្រងពេលវេលា ឱ្យសម្រេចបានប្រយោជន៍ធំ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងមួយថ្ងៃ មនុស្សគ្រប់រូបមានពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្តែរបៀបនៃការគ្រប់គ្រងរបស់មនុស្សក្នុងរយៈពេល២៤ម៉ោងនេះគឺខុសគ្នា។ អ្នកខ្លះគិតមិនបានដិតដល់ ធ្វើឲ្យខាតពេលពេញមួយថ្ងៃឥតប្រយោជន៍ ខណៈដែលមនុស្សពូកែគ្រប់គ្រងពេលវេលា អាចសម្រេចបាននូវគោលដៅ នឹងលទ្ធផលដ៏សមប្រកបជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ ជាប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក(CEA) និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានទម្លាយប្រាប់ពីរបៀបនៃការគ្រប់គ្រងពេលវាលា ដែលអ្នកជោគជ័យ និងអ្នកមានភាគច្រើនតែងតែធ្វើ។

ឯកឧត្តមបណ្ឌិតរូបនេះ បានគូសបញ្ជាក់ថា មនុស្សមានសេនាធិការមួយ ដែលល្អបំផុតគឺខួរក្បាលបញ្ជាខ្លួនបាន បើកាលណាដែលចង់ធ្វើអ្វីមួយត្រូវគិតជាមុនសិនថាវាចាំបាច់ឬអត់ ព្រោះកិច្ចការជាច្រើនមនុស្សត្រូវតែធ្វើការងារណាដែលចាំបាច់មុន ជាជាងធ្វើកិច្ចការដែលខ្លួនចង់ធ្វើ ព្រោះកិច្ចការខ្លះធ្វើឲ្យខាតពេលវេលាចោលឥតប្រយោជន៍។ យើងត្រូវដឹងខ្លួនឯងជាមុនថា ពេលនេះយើងកំពុងតែធ្វើអ្វី? ពេលនេះកំពុងតែចង់បានអ្វី? ហើយអ្វីដែលល្អបំផុតនោះគឺ ក្រោយពេលធ្វើត្រូវតែទទួលបានផលប្រយោជន៍ពីកិច្ចការទាំងនោះ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ប្រសិនបើក្នុងនាមជាអ្នករៀន កុំយកពេលវេលាទៅដើរលេងឥតប្រយោជន៍ ត្រូវតែខិតខំរៀនឲ្យមែនទែន ចំណាយពេលរៀន ពេលអានសៀវភៅឲ្យបានច្រើន ព្រោះមហាសេដ្ឋីនៅលើសកលលោក គឺយកពេលវេលាច្រើនណាស់ ដើម្បីរៀនសូត្រនិងអានសៀវភៅ ។ លោកបានលើកយកបុគ្គលមួយរូបគឺ លោក Bill Gate ជាមហាសេដ្ឋីលំដាល់ពិភពលោក ដែលចំណាយពេលអានសៀវភៅរហូតដល់៤-៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាពខួរក្បាល និងស្វែងរកចំណេះដឹងបន្ថែមក្នុងការធ្វើជំនួញ ឬមុខរបររបស់គាត់។

ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ ក៏បានលើកជាដំបូន្មានមួយឃ្លាដែរថា «ហ៊ានលះបង់រឿងអត់ប្រយោជន៍ ទើបជីវិតអាចជោគជ័យ»៕