៥ខែឆ្នាំនេះកម្ពុជារកលុយបានប្រមាណ ៥៦៥.១៦លានដុល្លារពីការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែមានកំណើនចំនួនជិត ២២% និងទទួលបានចំណូលសរុបពីការនាំចេញស្រូវ និងអង្ករបានចំនួន ៥៦៥.១៦ លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៧៣.៤៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន ឬស្មើនឹង ៥២.៦៨% ដែលមាន កំណើនចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើន ចំនួន ៤៩.២៦% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% ដែលមានកំណើនចំនួន ១៧.៥៩% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៥ខែនេះដែរកម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៦៩៨ ៩០៨ តោន ដែល គិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦៤.១០% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។

ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២២ នេះកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦២ ៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ ហើយបាន ធ្វើការនាំចេញ ស្រូវបានចំនួន ៥០ ១៦១ តោន៕