កម្ពុជា បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលនឹងជួយជំរុញឱ្យមានការចូលរួមដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់ជាមួយអង្គការ WTO យ៉ាងមានប្រសិទ្ធភាពថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ កាលពីពេលថ្មីៗនេះ។

នាឱកាសនោះ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងថា សន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

ក្នុងនោះ លោកស្រី បានឱ្យដឹងថា បញ្ហា និងប្រធានបទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ មានដូចជា៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

ជាកិច្ចឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះ សន្និសីទ MC12 នាពេលខាងមុខ ។ឯកឧត្តម បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមបន្តថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទ MC12 ដូចជា៖ ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល -ល- ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ទាំងកម្ពុជា-អង្គការ WTO មានជំនឿជឿជាក់ដែរថា សន្និសីទ MC12 នាខាងមុខនេះ នឹងមានការចូលរួមយ៉ាងសកម្មពីបណ្ដាសមាជិក ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកទាំងមូល៕