ខេត្ត៣ ទទួលបានទុនវិនិយោគពីក្រុមហ៊ុនចំនួន៤មានទឹកប្រាក់សរុបប្រមាណជាង១៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍ខ្លាំងទៅលើវិស័យកម្មន្តសាល ជាពិសេសខាងផ្នែករោងចក្រឧស្សាហកម្មដែលមានប្រទេសជាច្រើនមកធ្វើបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះប្រទេសដែលមកវិនិយោគនៅកម្ពុជាច្រើនជាងគេគឺប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ មានទឹកប្រាក់វិនិយោគសរុបប្រមាណ១៥,៨លានដុល្លារ បង្កើតការងារជូនប្រជាពលរដ្ឋជាង៥៧៥០កន្លែង ដែលរោងចក្រទាំងនោះធ្វើការ ផលិតស្បែកជើង ផលិតកាបូប និងសម្លៀកបំពាក់ជាដើម ។ ការវិនិយោគបង្កើតរោងចក្រនេះធ្វើនៅក្នុងខេត្តចំនួន៣ មានដូចជាខេត្តកណ្ដាល ២ ខេត្តកំពង់ស្ពឺ ១ និងខេត្តតាកែវ ១។

តាមរបាយការណ៍ដដែលនេះក្រុមហ៊ុនចំនួន៤ដែលត្រូវ មកវិនិយោគនៅខេត្តទាំង៣ខាងលើនោះមានដូចជា៖

១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៤កន្លែង។

២. CASE SI TRAVEL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។

៣. SYHJ GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។

៤. SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៧កន្លែង៕