កត់ត្រា​ទុក ចំណុច​សំខាន់ៗ​គួរ​ដឹង​ពេល​ទិញ​ផ្ទះ

សង្គម​និង​សេដ្ឋកិច្ច

​នៅរាជធានី​ភ្នំពេញ​មាន​គម្រោង​បុរី​និង​សំណង់​ផ្ទះល្វែង​មិនក្រោម ៣០០ នោះទេ​។ យ៉ាងណាមិញ មាន​ចំណុច​សំខាន់​មួយចំនួន ដែល​អ្នក​គួរ​ពិចារណា​ជា​មុន​សិន ដើម្បី​ស្វែង​រក​ផ្ទះ​ដែល​សមស្រប ចៀសវាង​មាន​បញ្ហា​នាំ​ឲ្យ​ខាត​ពេល​និង​ខាត​លុយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា​ញូសន៍​នឹង​បង្ហាញ​គន្លឹះ​ណែនាំ​ពីការ​ទិញ​ផ្ទះ​តាម​បទពិសោធន៍​ខាងក្រោម​៖

ហេដ្ឋារចនាសម្ព័ន្ធ

មាន​តែ​ផ្ទះ​បើ​ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ពិបាក​រស់នៅ​ដែរ។ ច្បាស់​ណាស់​មុនទិញ ត្រូវសិក្សា​ពី​​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ប្រព័ន្ធ​ទឹក​ ភ្លើង ប្រព័ន្ធ​លូ កុំ​ឲ្យ​ទិញ​ហើយ​មាន​បញ្ហា​ជា​ក្រោយ។

ទីតាំង​គម្រោង

តើ​ផ្ទះ​ដែល​អ្នក​គ្រោង​ទិញ​សម្រាប់​តែ​ស្នាក់នៅ ឬ​អាច​ប្រកប​អាជីវកម្ម​បាន។ លក្ខណ្ឌ​ផ្ទះ​ទាំង​ពីរ​នេះ​ខុស​គ្នា ហើយ​តម្លៃ​ក៏​ខុស​គ្នា​ដែរ។ ត្រូវ​សួរ​ខ្លួន​ឯង​សិន​តើ​ផ្ទះ​នោះ​ស្ថិត​នៅ​តំបន់​ណា អាច​ប្រកប​អាជីវកម្ម​បាន​ និង​មាន​គម្រោង​ធំៗ​អភិវឌ្ឍ​នៅ​ជិត​ដែរ​ឬ​ទេ?

ប្រភេទ​ប្លង់

ពិនិត្យ​ឲ្យ​ច្បាស់​តើ​ផ្ទះ​ដែល​អ្នក​ទិញ​គេ​ផ្តល់​ជា​ប្លង់​បែប​ម៉េច? កាន់​តែ​ជឿជាក់​បើ​អ្នក​ទទួល​បាន​ប្លង់រឹង ដែល​នឹង​ធានា​កម្មសិទ្ធិ​​ច្បាស់​លាស់។ តែ​បើ​ត្រឹម​ប្លង់ទន់ ក៏ត្រូវ​ប្រយ័ត្ន​ដែរ​ការពារ​​មាន​បញ្ហា។

មានច្បាប់ត្រឹមត្រូវ

សំណង់​ដែលអាច​សាងសង់​ដោយ​ស្រប​ច្បាប់ ត្រូវ​មាន​ឯក​សារ​ ៣​ សំខាន់​ ១/ប័ណ្ណ​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម ២/អាជ្ញាប័ណ្ណ​បុរី ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង៣/ អាជ្ញាប័ណ្ណ​សាងសង់ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់។

បើខ្វះ​ឯកសារ​ណាមួយ សំណង់​នោះ​មិន​ស្របច្បាប់នោះទេ ហើយ​ពេល​ណា​អ្នក​ត្រូវ​ការ​កម្ចីពីធនាគារ​ក៏ធនាគារ​​ទាមទារ​ឯកសារ​ទាំង​នោះ ដើម្បី​បញ្ជាក់ពីភាពស្របច្បាប់លើសំណង់​ដែលអ្នកទិញពីគម្រោង៕