អនុព័ន្ធយោធាបង់ក្លាដែស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធាទេ្វភាគីជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងយ៉ាងហ្គូន បានបង្ហាញការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញការប្តេជា្ញចិត្តរបស់ អនុព័ន្ធយោធាបង់ក្លាដែសដូចនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលណែនាំខ្លួន និងពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman ក៏បានបង្ហាញក្តីរីករាយ ចំពោះការបំពេញតួនាទីក្នុង​មុខតំណែង​ជាអនុព័ន្ធយោធាទទួលបន្ទុកប្រទេសកម្ពុជាផងដែរ ។

ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានរំឭកអំពីចំណងមិត្តភាពយូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវមកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា រហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជន​បទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការក្នុងផ្នែកនេះនៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ៕