កម្ពុជា-ថៃ​ កំពុងជំរុញ​ការ​អនុវត្ត​ DTA ដើម្បីពង្រឹងសេដ្ឋកិច្ចទ្វេភាគីឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និង​ថៃ បានកំពុង​ជំរុញ​ឲ្យមានការអនុវត្តការមិនយកពន្ធត្រួតគ្នា (DTA) ទៅលើការ​ចរាចរណ៍​ទំនិញ​ឆ្លង​ព្រំដែន​រវាង​ប្រទេស​​ទាំង២។ការជំរុញឲ្យមានការអនុវត្តតាម DTAនេះ  គឺធ្វើដើម្បីបង្កើនតម្លៃវិនិយោគ និងពង្រឹងសេដ្ឋកិច្ចទ្វេភាគី​​ បន្ទាប់​ពី​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញការអនុវត្ត DTAនេះ គឺធ្វើឡើងតាមរយៈសិក្ខាសាលាមួយ ស្តីពីជំរុញការវិនិយោគឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃឡង់ដ៍ តាមរយៈការមិនយកពន្ធត្រួតគ្នា (DTA) ដោយមានការចូលរួមពីក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​ការបរទេស​ថៃ កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការជំរុញឲ្យមានការអនុវត្ត DTA នេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនពិសេសប្រទេសមានពាណិជ្ជកម្មធំៗជាមួយកម្ពុជា គឺទាមទារឱ្យមានកិច្ចព្រមព្រៀងនេះ។

លោកឧកញ៉ាបានបញ្ជាក់ដូច្នេះដែរថា ៖ «នៅពេលមានកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលចង់បង្វិលប្រាក់ចំណេញឱ្យប្រទេសគេវិញ គេចំណាយត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ តែបើគ្មានទេត្រូវបង់ដល់ ១៤ ភាគរយ។ ដូចនេះនៅពេលកម្ពុជាមានកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសនានាកាន់តែច្រើន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាក់ស្តែងដូចប្រទេសថៃ ជាដើម យើងមានកិច្ចព្រមព្រៀងនេះជាមួយគ្នា ស្របពេលដែលយើងបើកព្រំដែនវិញដូចគ្នា ច្បាស់ណាស់កំណើននៃការវិនិយោគទៅវិញទៅមកពិតជាមាន»។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ ទហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់ ២,៩១ ពាន់លានដុល្លារ កើនឡើង ៨ %បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីស្ថានទូតថៃនៅកម្ពុជា។

ហេតុនេះ តាមរយៈការជំរុញឲ្យមានការអនុវត្តការមិនយកពន្ធត្រួតគ្នា (DTA)នេះ ត្រូវបានភាគីកម្ពុជានិងថៃ រំពឹងថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកាន់មានសន្ទុះខ្លាំងជាងមុន៕