នៅពាក់កណ្តាលឆ្នាំ២០២២នេះ កំណើនវិនិយោគិនបរទេសមកកាន់កម្ពុជាមានចំនួនច្រើន ខណៈប្រទេសចិន កូរ៉េ និងជប៉ុននាំមុខគេ

សង្គម​និង​សេដ្ឋកិច្ច

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ២០២២នេះ កំណើនវិនិយោគិនបរទេសមកកាន់កម្ពុជាដើម្បីធ្វើការវិនិយោគមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ខណៈប្រទេសចិន កូរ៉េ និងជប៉ុននាំមុខគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លឹម ហេង ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍នាព្រឹកថ្ងៃសុក្រ មិថុនានេះថា គិតត្រឹមពាក់ឆ្នាំ២០២២នេះ កំណើនអ្នកវិនិយោគមកកាន់កម្ពុជាមានចំនួនច្រើនតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន CamdeX នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានការកើនឡើងគួរឲ្យកត់សម្គាល់។

លោកឧកញ៉ាបន្តថា៖ «សម្រាប់អ្នកវិនិយោគវិញយើងឃើញមានគ្រប់វិស័យមកកាន់កម្ពុជាដែលមានមានប្រទេសជាច្រើន ដូចជា ចិននាំមុខគេ បន្ទាប់មក កូរ៉េ ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងប្រទេសអាស៊ាន ក៏ដូចជាសហគមន៍អ៉ឺរ៉ុបកំពុងសំឡឹងឪកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង»។

កំណើនអ្នវិនិយោគមកកាន់នេះកម្ពុជាដ៏ច្រើននេះនៅឆ្នាំ២០២២នេះតទៅ ត្រូវអ្នកជំនាញរូបនេះគូសបញ្ជាក់ថា បណ្តាមកពីកត្តាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដ៏ជោគជ័យរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលអាចបើកដំណើរការសង្គម-សេដ្ឋកិច្ចទៅលើគ្រប់វិស័យឡើងវិញ នេះជាចំណុចសំខាន់បំផុតនៅក្នុងបរិបទកូវីដជាសកលនេះ។ លើសពីនេះ កម្ពុជាបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កូរ៉េ។

លោកឧកញ៉ាបន្ថែម មិនតែប៉ុណ្ណោះកម្ពុជាក៏នៅមានប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធអនុគ្រោះទូទៅ GSP ដែលជាការរួចពន្ធទៅកាន់សហភាពអ៉ឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកនៅតែមានភាពទាក់ទាញអ្នកវិនិយោគ នឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCAP។ ទន្ទឹមនឹងនោះយើងកំពុងតែដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មីរបស់យើងដែលមានការលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគមកកាន់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ រដ្ឋាភិបាលកំពុងតែប្តេជ្ញាចិត្តធ្វើកំណែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ច ដែលជាការកាត់បន្ថយថ្លៃដើមក៏ដូចជាការជួយជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។

រដ្ឋាភិបាលបានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ខាងមុខក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន និងអាចគ្រប់គ្រងបាន។ ការរំពឹងដូច្នេះ គឺដោយសារក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ នឹងបន្តរួមចំណែកដល់ការលូតលាស់នៃវិស័យ និងអនុវិស័យសំខាន់ៗ មួយចំនួន ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ។

តាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគាំទ្រដោយវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលរួមមានអនុវិស័យជាច្រើនទៀត។

ជាមួយគ្នានេះ អតិផរណានៅឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងថមថយមកវិញក្នុងរង្វង់ ២,៥% ខណៈឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថាបានកើនដល់រង្វង់ ៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ អត្រាប្តូរប្រាក់ត្រូវគេរំពឹងថានឹងស្ថិតនៅក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំ ៤ ០៦៥រៀល ក្នុង១ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ និង២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិ ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

គួររម្លឹកថា ពេលថ្មីៗនេះ ធនាគារពិភពលោក (World Bank) បាន​ព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយនៅ​ឆ្នាំ​២០២២មាន​កំណើន ៤,៥% និង​ឆ្នាំ​២០២៣ មាន​កំណើន ៥,៨%។៕