សាកលវិទ្យាល័យ Oxford ចេញមុខការពារអំណោយសប្បុរសធម៌រាប់លានដុល្លារ ពីស្ត្រីមាន​បំផុតនៅវៀតណាម

អន្តរជាតិ

ថ្មីៗនេះ មហាវិទ្យាល័យ Linacre នៃសាកលវិទ្យាល័យ Oxford កំពុងចេញមុខការពារ លើការទទួលយកទឹកប្រាក់បរិច្ចាគចំនួន ១៨០ លានដុល្លារ ពីមហាសេដ្ឋីស្រ្តីដំបូងគេ របស់វៀតណាម គឺលោកស្រី Nguyen Thi Phuong Thao ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Nguyen ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជា Madam Thao គឺជាមហាសេដ្ឋីស្រ្តីដំបូង និងតែមួយគត់របស់វៀតណាម ដែលចាប់ផ្តើមរកស៊ីពីបាតដៃ​ទទេរ ពីការលក់ម៉ាស៊ីនទូរសារ និងជ័រកៅស៊ូ ហើយលោកស្រីក៏ជានិស្សិតមួយរូប ដែលបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី ផងដែរ ។

គួរឱ្យដឹងថា នៅត្រឹមអាយុ ២១ ឆ្នាំ Madam Thao អាចរកបានប្រាក់ចំណូលចំនួន ១ លានដុល្លារ ជាលើកដំបូង ហើយរហូតដល់ពេលឥឡូវនេះ លោកស្រីត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២,៧ ពាន់លានដុល្លារ ។

​ជាមួយទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បច្ចុប្បន្ន Madam Thao គឺជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ VietJet និងមានអាជីវកម្មអចលនទ្រព្យដ៏ធំនៅក្នុងប្រទេស រួមជាមួយការវិនិយោគលើការរុករកប្រេង និងឧស្ម័ន ក៏ដូចជាការផ្តល់ហិរញ្ញប្បទានឥន្ធន:ហ្វូស៊ីលផងដែរ ។

រំលឹកថា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ Madam Thao បានបរិច្ចាគទឹកប្រាក់ចំនួន ១៨០ លានដុល្លារជូនដល់មហាវិទ្យាល័យ Linacre តាមរយ:ក្រុមហ៊ុន Sovico Group ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រី ហើយនៅខែវិច្ឆិកា មហាវិទ្យាល័យនោះ បានយល់ព្រមប្តូរឈ្មោះទៅជា មហាវិទ្យាល័យ Thao បន្ទាប់ពីទទួលការបរិច្ចាគនោះ ។

តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែទំនាក់ទំនងយ៉ាងជិតស្និទ របស់ Madam Thao ជាមួយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេស លោកស្រី Michelle Donelan កំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម ចំពោះការបរិច្ចាគទឹកប្រាក់នេះ ហើយនឹងមានការផ្តល់ជូនព័ត៌មានថ្មីៗ នៅក្នុងពេលឆាប់ៗនេះ ។

នៅក្នុងការបើកការស៊ើបអង្កេតនេះ គឺបានធ្វើឡើង ក្នុងបំណងដើម្បីធានាបាននូវតម្លៃរបស់ចក្រភពអង់គ្លេស មិនត្រូវបានគេសម្របសម្រួល ហើយជនបរទេស នឹងមិនអាចមានឥទ្ធិពលហួសហេតុ មកលើសាកលវិទ្យាល័យ របស់ចក្រភពអង់គ្លេសមួយនេះឡើយ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ខាងមហាវិទ្យាល័យ Linacre បានចេញមុខការពារ ចំពោះការបរិច្ចាគទឹកប្រាក់ ១៨០ លានដុល្លារនេះ ដោយបញ្ជាក់ថា គឺគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងច្បាប់ត្រឹមត្រូវ ។

លើសពីនេះ អ្នកនាំពាក្យម្នាក់របស់មហាវិទ្យាល័យខាងលើ បាននិយាយថា ៖ ” អំណោយដ៏សំខាន់នេះ នឹងគាំទ្រដល់ការផ្តល់អាហរូបករណ៍ក្រោមឧត្តមសិក្សាដល់និស្សិត រួមទាំងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្មី និងបង្កើតគេហទំព័រមហាវិទ្យាល័យថ្មី ជាមួយនឹងសម្ភារ:កែលម្អជាច្រើន សម្រាប់និស្សិតបញ្ចប់ការសិក្សា ” ៕