កម្ពុជា បើកកិច្ចប្រជុំពិនិត្យអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមសហប្រធានជាមួយឧត្តមមន្ត្រីការងារឥណ្ឌូណេស៊ី កម្ពុជាដឹកនាំកិច្ចប្រជុំពិសេសរបស់ឧត្តមមន្ត្រីការងារអាស៊ាន ស្តីពីការរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីការងារនៃរដ្ឋសមាជិកអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ដែលជាគំនិតផ្តួចផ្តើម និងធ្វើសេចក្តីព្រាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។

ជាលទ្ធផល កិច្ចប្រជុំបានសម្រេចឯកភាពជាឯកច្ឆន្ទលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះ ដែលនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៧ នៅក្នុងខែសីហា ឆ្នាំ២០២២ ពិនិត្យ មុននឹងដាក់ជូនថ្នាក់ដឹកនាំកំពូលអាស៊ានពិនិត្យ និងអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមក្រសួងការងារ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស។ ការជំរុញមានការធ្វើចល័តភាពនៃអត្ថប្រយោជន៍សន្តិសុខសង្គមនៅក្នុងអាស៊ានគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងាររបស់រាជរដ្ឋាភិបាល និងអានុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា៕