ក្រសួងពាណិជ្ជកម្មចុះសិក្សាពីច្រវាក់ផលិតកម្មផលិតសំពត់សូត្រនៅខេត្តសៀមរាប ដើម្បីស្វែងរកទីផ្សារជូនសហគមន៍

សង្គម​និង​សេដ្ឋកិច្ច

ប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានចុះទស្សនកិច្ចនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ដើម្បីស្វែងយល់ពីច្រវាក់ផលិតកម្មនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ក្នុងគោលបំណងជួយជំរុញផ្សព្វផ្សាយ និងស្វែងរកទីផ្សារជូនសហគមន៍អ្នកផលិតសំពត់សូត្រនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ស្ថិតនៅស្រុកអង្គរធំ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ស្ថាបនិកជនជាតិជប៉ុន លោក ម៉ូរីម៉ូតូ គីគូអុ (Morimoto Kikuo) បានបង្កើតសិប្បកម្មនេះឡើងនៅឆ្នាំ១៩៩៦ ក្នុងរាជធានីភ្នំពេញ និងបានប្តូរទៅកាន់ខេត្តសៀមរាប នៅឆ្នាំ២០០០។ រយៈពេលជាង២៦ឆ្នាំកន្លងមកនេះ សិប្បកម្មបន្តការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ដោយប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការផលិតពណ៌ផ្សំពីធម្មជាតិទាំងអស់ និងការរចនាម៉ូត ”គោម” នៃសំពត់សូត្រតាមបែបបុរាណពីដូនតាខ្មែរ ដើម្បីជួយអភិរក្ស និងជំរុញការផលិតសូត្រតម្បាញខ្មែរតាមក្បួនតម្បាញបុរាណ។

ក្នុងឱកាសនៃការចុះទស្សនកិច្ចនោះ ប្រតិភូក្រសួងពាណិជ្ជកម្មបានស្វែងយល់ពីរាល់ដំណាក់កាលនៃការផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ទាំងការជ្រើសរើសសរសៃសូត្រ ការផលិតពណ៌ ការជ្រលក់ពណ៌ ការចងគាត និងការត្បាញជាដើម និងបានជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតសំពត់សូត្រនេះ បន្តអភិរក្ស និងផលិតសំពត់សូត្រតាមរបៀបខ្មែរបុរាណ ជាពិសេសជំរុញលើកទឹកចិត្តសហគមន៍អ្នកផលិតចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងព្រឹត្តិការណ៍តាំងពិព័រណ៍ជាតិ និងអន្តរជាតិនានា ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស្វែងរកទីផ្សារ។

តាមការរៀបរាប់របស់អ្នកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) បានឱ្យដឹងថា សិប្បកម្មនេះមានពលរដ្ឋក្នុងសហគមន៍ចាស់ក្មេងជាច្រើនគ្រួសារ បានចូលរួមក្នុងច្រវាក់ផលិតកម្ម ដោយមានផលិតសំពត់សូត្រខ្មែរ ហូល ផាមួង សារុង ក្រមា កន្សែងបង់ក រាល់ដំណាក់កាលនៃការផលិតគឺប្រើប្រាស់របៀបបុរាណពីដូនតាខ្មែរ និងការផលិតដោយដៃផ្ទាល់ ជាពិសេសជ្រើសរើសសរសៃសូត្រដែលមានគុណភាពខ្ពស់ និងការជ្រលក់ពណ៌ធម្មជាតិ៕