ប្រជាពលរដ្ឋខ្មែរ ទៅលេងឆ្នេរអូរឈើទាលច្រើនកុះករ តែខ្សត់ភ្ញៀវបរទេស នៅចុងសប្តាហ៍នេះ

សង្គម​និង​សេដ្ឋកិច្ច

កាលថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ​​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​​ផង​នោះ ​​ប្រជាពលរដ្ឋខ្មែរ​យ៉ាង​ច្រើន​កុះករ បាន​សម្រុក​​ទៅ​លេង​ឆ្នេរ​អូរឈើទាល នៃ​ខេត្ត​ព្រះសីហនុ ​​ប៉ុន្តែ​ក្នុង​នោះ​គេ​ឃើញ​ថា​ខ្សត់​ភ្ញៀវ​ទេសចរ​បរទេស​ រួម​ទាំង​ភ្ញៀវ​​ជន​ជាតិ​ចិន​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រិន រិទ្ធ ​​បុគ្គលិក​សណ្ឋាគារ​សុខា​ ខេត្ត​ព្រះសីហនុ ​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ​​​​រៀង​រាល់​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ ​​បច្ចុប្បន្ន​នេះ​ឆ្នេរ​អូរ​ឈើទាល​ មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មក​លេង​កម្សាន្ត​ច្រើន​លើស​លុប​ រហូត​ដល់​ស្ទះ​ចរាចរណ៍​ផង​ដែរ។ ​​សម្រាប់​ភ្ញៀវ​​​បរទេស​អឺរ៉ុប​ គឺ​ពុំ​សូវ​មក​កម្សាន្ត​​តាម​មាត់​ឆ្នេរ​នោះ​ទេ ​​រីឯ​ជនជាតិ​ចិន​វិញ ​​ក៏​ពុំ​សូវ​មាន​នោះ​ដែរ ចាប់​តាំង​ពី​មាន​វិបត្តិកូវីដ-១៩ ​​ហើយ​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ភាគ​ច្រើន។

គួរ​បញ្ជាក់​ថា ​​ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​តាម​ឆ្នេរ និង​​ដើម្បី​លើក​កម្ពស់​សោភ័ណ្ឌភាព​ផង​នោះ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អភិបាល គួច​ ចំរើន​ ​​បាន​ជួស​ជុល​កែ​លម្អ​ឆ្នេរ ដោយ​ចាក់​ខ្សាច់​បំពេញ​កន្លែង​ណា ដែល​មាន​ក្រលុកឬ​ខូង និង​ឈូស​ឆាយ​កន្លែង​ដែល​ខ្ពស់​ឱ្យ​រាប់​ស្មើ​គ្នា​ផង​ដែរ៕