រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ថ្មរូង ជាប់ផ្លូវជាតិលេខ៤ តែអ្នកដំណើរមិនសូវស្គាល់

សង្គម​និង​សេដ្ឋកិច្ច

រមណីយដ្ឋានធម្មជាតិ ថ្មរូង ​​ដែល​មាន​ទេសភាព​ដ៏​ទាក់ទាញ​ជាមួយ​នឹង​ទឹកហូរ​លើ​ថ្ម និង​អាច​កម្សាន្ត​ងូត​ទឹក​លេង​យ៉ាង​សប្បាយ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៤ (ផ្លូវ​ទៅ​​ខេត្ត​ព្រះសីហនុ) ​​​ពុំ​ទាន់​មាន​អ្នក​ដំណើរ​ដឹង​ច្រើន​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី រី ស្រីពីន ​​អាជីវករ​លក់​ដូរ​នៅ​តំបន់​​នេះ​ ​​បាន​ឱ្យ​ដឹង​ថា ថ្មរូង ​​មាន​ទឹក​ហូរ​ស្ទើរ​គ្រប់​រដូ​វកាល​ ប៉ុន្តែ​នៅ​រដូវ​វស្សា​បែប​នេះ​ គឺ​កាន់​តែ​មាន​ទឹក​ច្រើន​ និង​មាន​អ្នក​មក​កម្សាន្ត​ជា​ហូរហែ។ លោក​ស្រី ​​បាន​បន្ថែម​ថា ​​​​នៅ​ថ្ងៃ​ធម្មតា (ចន្ទ-សុក្រ) ​​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​នោះ​ទេ ប៉ុន្តែ​​បើ​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ថ្ងៃ​បុណ្យ​ មាន​​ភ្ញៀវ​ច្រើន​គួរ​សម។

រីឯ​លោក ​​គឹម ជ័យ​រិទ្ធ ​​មន្ត្រី​ផ្នែក​សន្តិសុខ​​របស់​សហគមន៍​​ថ្មរូង​នេះ​ ​​បាន​បញ្ជាក់​បន្ថែម​ឱ្យដឹង​ថា ​​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ត្រឹម​តែ​ពី​២០ ទៅ​៣០​រថយន្ត​​អី​ប៉ុណ្ណោះ ​​ប៉ុន្តែ​បើ​​ថ្ងៃ​បុណ្យ ឬ​ចុង​សប្តាហ៍​​​អាច​នឹង​មាន​ដល់​ទៅ ១០០​រថយន្ត។ លោក​បន្ត​ថា ​​​​​​កត្តា​​ទាំង​នេះ​ដោយសារ​តែ​សហគមន៍​ពុំ​ទាន់​​ផ្សព្វផ្សាយ​ឱ្យ​គេ​ស្គាល់​ទូលំទូលាយ ព្រោះ​អ្នក​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ជា​ច្រើន​ ពុំ​បាន​ចាប់​អារម្មណ៍​នោះ​ទេ ​​ដែល​ធ្វើ​ឱ្យ​ពួកគេ​ទៅ​ហួស​ មក​ហួស។ ​​​

តំបន់​ទេសចរណ៍​មួយ​នេះ​ មាន​ឈ្មោះ​ថា “សហគមន៍​ព្រៃឈើ​ធម្មជាតិ​ថ្មរូង” ​​​​​​ស្ថិត​នៅ​ភូមិ​ព្រៃប្រសិទ្ធ ឃុំអូរបាក់​រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដែល​​ធ្វើ​​ដំណើរ​ពី​រាជធានី​ភ្នំពេញ ​ចម្ងាយ​ប្រហែល​១១៥​គីឡូម៉ែត្រ រួច​បត់​ស្តាំ​តាម​ផ្លូវ​គ្រួស​ក្រហម​ប្រមាណ ៧គីឡូម៉ែត្រ ​​នឹង​ដល់​កន្លែង​​កម្សាន្ត​មួយ​នេះ៕