អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហើបឱ្យដឹងឪពុកដើររែកដី និងលក់ស្រែអស់ ដើម្បីឱ្យកូនបានរៀន

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសថ្ងៃបុណ្យទិវាឪពុក នា​ថ្ងៃ​អាទិត្យ​នេះ​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​​មិន​បាន​រៀន​សូត្រ ហើយ​មិន​ចេះ​អក្សរ​នោះ​ទេ ប៉ុន្តែ​លោក​មាន​មហិច្ចតា​ខ្ពស់​ណាស់ ​​ដោយ​ប្រឹង​ប្រែង​យក​កម្លាំង​​​បាយ​ដើរ​រែក​ដី និង​ដាច់​ចិត្ត​ប្រថុយ​​លក់​ដី​ស្រែ​អស់ ដើម្បី​ឱ្យ​កូន​បាន​រៀន​សូត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកបុរី ឡេង ណាវ៉ាត្រា រូប​នេះ​ បាន​រៀបរាប់​​​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ​​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា៖ “ទោះបី​លោកពុកមិនបានរៀនសូត្រមិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆតាខ្ពស់ណាស់ លោកបានប្រឹងប្រែង​យក​កម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព។ ហើយគាត់ហ៊ានណាស់ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះ​បងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសរទ្រូងដល់ប្អូនៗ ដោយសារឃើញការ​លំបាករបស់​ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែរអាយុមិនទាន់គ្រប់ ១៨ឆ្នាំផង ពេលបងប្រុសមកធ្វើការភ្នំពេញរកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណា​លោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច”។

អ្នកឧកញ៉ា បន្ត​​ថា៖ “ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិន​ជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លាប់ភ្លាម)។ ម៉ែងាកមើលមកបងប្រុសហើយស្ដី​អោយ​ថា កុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូរ ព្រោះសំដី​បងចាក់​ដោតបេះដូងគាត់ពេក។ តាមពិតលោកពុកដឹងរឿងទាំងអស់តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូន​បាក់ទឹកចិត្ត។ រហូតអស់ជំរើសតស៊ូរនៅភ្នំពេញបងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុក​ចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន។ បងប្រុសដើដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុន​នៅ​ជិត​ប៉ុស្តិ៍លេខ៣ អត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក គឺទៅមួយខ្ញុំក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណដំឡើងអាយុ ២ឆ្នាំបង្គ្រប់រហូតដលសព្វថ្ងៃ”។

“បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា ៣៥០០$ ក៏មិនបានទៅទៀត។ ក្រោយមកទៀតទើប ក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការ បង់ថ្លៃសាលាគឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ ដោះស្រាយគាត់​រៀន​សិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ ២ឆ្នាំទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ២០០៨ ពុកដើរចង​កាគេផងខ្ចីគេផង ព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន។ និយាយទៅ​បង​ប្រុសតស៊ូតាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨ ជាការរុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ”។


“គិតទៅតស៊ូ រយ:ពេល ១១ឆ្នាំ ទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹង​រលាយ​អស់ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយ មិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅ​ពេលកូន​ថ្វាយបង្គុំ។ ខ្ញុំរស់នៅក្នុងភូមិត្រពាំង សាលាឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿង​និទាន​អ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដី លក់ស្រែ ដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីអ្នកទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លាប់ហើយ”។ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់​បន្ថែម៕

438 Shares