Audi ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​នៅ​អាស៊ី គ្រោង​ផលិត​រ៉ឺម៉ក​កង់បី​ឥណ្ឌា​

អន្តរជាតិ

ក្រុមហ៊ុន​ Audi មាន​ឈ្មោះ​ល្បី​រន្ទឺ លើ​វិស័យ​ផលិត​រថយន្ត​បែប​ទំនើប និង​ស៊ីវិល័យ ជាពិសេស​គឺ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​តែ​ម្ដង ហើយ​ថ្មីៗនេះ​ពួកគេ​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ ដើម្បី​គ្រោង​ផលិត​​រ៉ឺម៉ក​កង់បី​ឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Timesofindia បាន​ឲ្យ​ដឹង​ថា រ៉ឺម៉ក​កង់បី​ឥណ្ឌា​ដែល​ជា​គម្រោង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Nunam នោះ នឹង​បំពាក់​ដោយ​អាគុយ​ដែល​ប្រើប្រាស់​លើ​រថយន្ត​អគ្គិសនី​របស់ Audi ស្របពេល​គ្រោងការណ៍​យក្ស​មួយ​នេះ​ក៏​នឹង​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រចាំ​តំបន់​ ជាពិសេស​គឺ​ស្ត្រី​ផង​ដែរ។

ជាការពិត រ៉ឺម៉ក​កង់បី​គឺ​ជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​រ៉ឺម៉ក​ទាំងនោះ សុទ្ធតែ​ដំណើរការ​ដោយ​អាគុយ​ចាក់​ទឹក​អាស៊ីត ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​ខូច​គុណភាព និង​ប្រើប្រាស់​មិន​សូវ​បាន​ល្អ។

ដោយ​សម្លឹង​ឃើញ​ពី​តម្រូវការ​ប្រចាំ​ថ្ងៃ​បែបនេះ Nunam ក៏​មាន​គំនិត​បង្កើត​រ៉ឺម៉ក​កង់បី​ដែល​ប្រើប្រាស់​ដោយ​ថាមពល​អគ្គិសនី​វិញ ដែល​អាច​ប្រើប្រាស់​បាន​យូរ​ជាង និង​មាន​ថាមពល​បាន​វែង​ជាង ស្របពេល Audi បង្ហើប​ថា គម្រោង​មួយ​នេះ​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​ពុល​ពី​ការ​បើកបរ​រ៉ឺម៉ក​ផង​ដែរ។

យ៉ាងណា គម្រោងការណ៍​ខាងលើ​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ការ​សិក្សា​នៅ​ឡើយ ​ស្របពេល​កាលបរិច្ឆេទ​នៃ​ការ​ផលិត​ជាក់លាក់​ក៏​មិនទាន់​បង្ហើប​អោយ​ដឹង​ច្បាស់​ដូចគ្នា៕

989 Shares